(ប៉េកាំង)៖ លោក Li Xiaopeng ត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិចិន ដើម្បីជំនួសតំណែងលោក Li Tie ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

លោក Xiaopeng បច្ចុប្បន្នជាគ្រូបង្គោលក្លិប Wuhan FC លេងនៅលីគ Chinese Super League។

“ប្រសិនបើ គ្មានការកែប្រែបន្ថែមទៀតទេ ការផ្លាស់ប្តូរគ្រូបង្គោលក្រុម ជម្រើសជាតិ នឹងមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ លោក Li Xiaopeng នឹងបន្តតំណែងពីលោក Li Tie"។ នេះបើតាមសារព័ត៌មានមានមូលដ្ឋាននៅទីក្រុង Guangzhou បានចុះផ្សាយ។

លោក Li Tie នៅតែរក្សាភាពស្ងប់ស្ងៀម ចាប់តាំងពីលោកបានតបតទៅលើអ្នករិះគន់របស់លោកនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតវគ្គជម្រុះ FIFA World Cup រវាងប្រទេសចិន និងអូស្ត្រាលី ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ១-១ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ។

អនាគតរបស់លោកនៅឯក្រុមជម្រើសជាតិចិន ត្រូវបានចោទជាសំណួរ ដោយប្រព័ន្ធផ្សព្វផ្សាយចិន បន្ទាប់ពីលោកត្រូវបានគេរកឃើញថា បានលុបស្លាកសញ្ញានៃអ្នកឧបត្ថម្ភក្រុមជម្រើសជាតិចិន នៅក្នុងរូបភាពដែលលោកបានបង្ហោះលើគណនី បណ្តាញសង្គមរបស់លោក។

លោកក៏ត្រូវបានគេចោទប្រកាន់ផងដែរ ពីការប្រើប្រាស់សមត្ថភាពរបស់លោក ជាគ្រូបង្គោលក្រុមជម្រើសជាតិចិន ដើម្បីឃោសនាពីផលិតផលជាច្រើន នៅលើគណនីបណ្តាញសង្គមរបស់លោក។

ចិន ដែលមានតែ៥ពិន្ទុប៉ុណ្ណោះ ពី៦ប្រកួត ក្នុងយុទ្ធនាការជម្រុះ World Cup របស់ពួកគេនោះ នឹងត្រូវជួបជាមួយក្រុមជប៉ុន នៅការប្រកួតបន្ទាប់របស់ពួកគេ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ខាងមុខ៕