(ឡុងដ៍)៖ កីឡាការិនីវាយតេន្នីសសញ្ជាតិអង់គ្លេស និងជាអតីតកីឡាការិនីលំដាប់ទី៤ របស់ពិភពលោក Johanna Konta បានប្រកាសចូលនិវត្តន៍របស់នាង ពីការប្រកួតតេន្នីសក្នុងវ័យ៣០ឆ្នាំ នាថ្ងៃពុធ ដោយលើកឡើងថា នាងសម្តែងការដឹងគុណដែល នាង បាន រស់នៅ តាម ក្តី សុបិន របស់ នាង ក្នុង នាម ជា កីឡាការិនី អាជីព។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

ដោយតស៊ូជាមួយទម្រង់លេង និងកាយសម្បទា ក្នុងឆ្នាំនេះ កីឡាការិនី Konta បានធ្លាក់តំណែងរហូតដល់លំដាប់ទី១១៣ នៅលើពិភពលោក និងបានប្រកួតចុងក្រោយរបស់នាងនៅឯព្រឹត្តិការណ៍ Cincinnati Open កាលពីខែសីហាកន្លងទៅ ដោយបានចាញ់ក្នុងការប្រកួតជុំទី១ ក្រោមថ្វីដៃកីឡាការិនី Karolina Muchova។

កីឡាការិនីសញ្ជាតិអង់គ្លេសរូបនេះបានដកខ្លួនចេញពីការប្រកួត Wimbledon កាលពីខែមិថុនា នៅពេលដែលសមាជិកម្នាក់ នៃក្រុមរបស់នាងវិជ្ជមានកូវីដ១៩។ នាងក៏បានខកខានការប្រកួត Tokyo Olympics បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩។

គួររំលឹកថា Konta បានឡើងចំណាត់ថ្នាក់ខ្ពស់ ក្នុងអាជីពរបស់នាង ដោយទទួលបានចំណាត់ថ្នាក់ទី៤ កម្រិតពិភពលោក ក្នុងឆ្នាំ២០១៧ បន្ទាប់ពីឈានដល់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Wimbledon។ នាងក៏ឈានដល់វគ្គប្រកួត ៤នាក់ចុងក្រោយនៃការប្រកួត Australian Open ក្នុងឆ្នាំ២០១៦ និង French Open ក្នុងឆ្នាំ២០១៩ ផងដែរ៕