(ការ៉ាកាស)៖ អតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Jose Pekerman ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីក្រុមបាល់ទាត់ជម្រើសជាតិវេណេស៊ុយអេឡា ជាមួយនឹងការចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់វេណេស៊ុយអេឡា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

បុរសវ័យ ៧២ឆ្នាំរូបនេះបានជំនួសតំណែងលោក Leonardo Gonzalez ដែលបានទទួលបន្ទុកដឹកនាំ ជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីការចាក់ចេញរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ លោក Jose Peseiro កាលពីខែសីហា។

លោក Pekerman មិនមានការងារទទួលបន្ទុកនោះទេចាប់តាំងពីបានបញ្ចប់ការដឹកនាំប្រកបដោយភាពជោគជ័យ រយៈពេល៦ឆ្នាំកន្លះ ជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ីកាលពីខែកញ្ញា ឆ្នាំ២០១៨។

អាជីពជាអ្នកចាត់ការរយៈពេល៤០ឆ្នាំ របស់លោក Pekerman ក៏រួមបញ្ចូលទាំងតួនាទីជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៦ ផងដែរ។

វេណាស៊ុយអេឡា បច្ចុប្បន្ន ស្ថិតនៅបាតតារាង ក្នុងការប្រកួតជម្រុះក្រុមចំនួន១០ នៅតំបន់អាមេរិកខាងត្បូង សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។

ការទទួលបន្ទុកដឹកនាំប្រកួត លើកដំបូងរបស់លោក Pekerman សម្រាប់ក្រុមវេណេស៊ុយអេឡា គឺនឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវបូលីវី នៃការប្រកួតជម្រុះ World Cup នៅថ្ងៃទី២៧ ខែមករាខាងមុខ៕