(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Daily NK បានរាយការណ៍ថា សិស្សថ្នាក់មធ្យមសិក្សាម្នាក់ នៅទីក្រុង Hyesan កូរ៉េខាងជើង ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានទស្សនាភាពយន្តរបស់កូរ៉េខាងត្បូង មានចំណងជើងថា «The Man From Nowhere»។ នេះបើតាមការចេះផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។
សិស្សសាលាម្នាក់នោះ ត្រូវបានគេដឹងថា មានអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ ដែលចំណាយពេលត្រឹមតែ៥នាទី ក្នុងការទស្សនាភាពយន្ត ហើយរូបគេត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគា រយៈពេល១៤ឆ្នាំ។
កាលពីឆ្នាំមុន កូរ៉េខាងជើងបានអនុម័តច្បាប់ថ្មីមួយឈ្មោះថា «The Culture Rejection Act»។ តាមច្បាប់ថ្មីនេះ បុគ្គលណាដែលចែកចាយ ឬទស្សនាភាពយន្តរបស់កូរ៉េខាងត្បូងអាចជាប់ទោស រហូតដល់ប្រហារជីវិត ឬជាប់ពន្ធនាគារ១៥ឆ្នាំជាដើម។ តែយ៉ាងណា ច្បាប់នេះមិនបានចែកឲ្យច្បាស់លាស់ ការដាក់ទោសទៅលើអនីតិជន និងនីតិជនឡើយ ខណៈការដាក់ទោសទៅលើសិស្សសាលាវ័យ១៤ឆ្នាំម្នាក់ នៅពេលនេះ ត្រូវបានគេមើលឃញថា ជាឧទាហរណ៍មួយទៅកាន់មនុស្សគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ។
ចំណែកឯឪពុកម្ដាយ របស់សិស្សសាលាម្នាក់នោះ ត្រូវបានពិន័យ ដោយគេសន្មតថា បានឃុបឃិតអំពើ ដែលពួកគេចាត់ទុកថាខុសច្បាប់នេះ។ ចំពោះប្រាក់ពិន័យវិញ គឺខ្ទង់ ៨៤,៥០ដុល្លារ ទៅប្រមាណ១៦៩ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែឪពុកម្ដាយរបស់គេ ក៏ត្រូវបានរាយការណ៍ថា ត្រូវបញ្ជូនទៅពន្ធនាគារជាមួយនឹងកូនផងដែរ។
គួរជម្រាបថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ សារព័ត៌មាន CNA បានចុះផ្សាយថា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចោទប្រកាន់វិស័យចម្រៀង K-pop ដ៏ពេញនិយមបំផុតនៅកូរ៉េខាងត្បូងនោះថា បានធ្វើឲ្យខូចផ្នត់គំនិតដល់យុវជនកូរ៉េខាងជើង ហើយលោក គីម ជុងអ៊ុន បានចាត់ទុកទៀតថា K-pop គឺជា «ជំងឺមហារីកដ៏សាហាវ» និងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើពលរដ្ឋរបស់ខ្លួន ដែលកំពុងគាំទ្រខ្សែភាពយន្ត K-drama និងវិស័យចម្រៀង K-pop របស់ប្រទេសកូរ៉េខាងត្បូងទៀតផង៕