(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងនូវការបារម្ភតែរឿងមួយប៉ុណ្ណោះ ពាក់ព័ន្ធនឹងការរីករាលដាល ឬការឆ្លងជំងឺកូវីដ-១៩ ក្នុងបេសកកម្មប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី ដ្បិតក្រុមគោព្រៃកម្ពុជា ធ្លាប់មានបទពិសោធន៍ដ៏ជូរចត់នេះម្ដងមកហើយ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅបារ៉ែន កាលពីថ្មីៗ ។
ការលើកឡើងរបស់គ្រូជំនួយខាងលើ មុនលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ធ្វើដំណើរទៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ ដើម្បីត្រៀមការប្រកួតប្រចាំតំបន់អាស៊ាន ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ គ្រាដែលអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose នឹងធ្វើដំណើរពីប្រទេសលីទុយអានី និងប្រទេសជប៉ុន ទៅជួបជុំគ្នានៅសិង្ហបុរីតែម្ដង ។
លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា «សម្រាប់ការព្រួយបារម្ភក្នុងការប្រកួត ពីព្រោះយើងមិនដឹងថា វាអាចនឹងកើតឡើងទៀត ដោយសារយើងបានបទពិសោធន៍ហើយកាលនៅបារ៉ែន មានកីឡាករយើងបានឆ្លង(កូវីដ-១៩) ។ ចឹងយើងសង្ឃឹមថា យើងនឹងរៀបចំឲ្យបានល្អជាងនេះ ជាមួយបរិបទនៃការរស់នៅទៅតាមលក្ខខណ្ឌ ដែលគេបានចែង និយាយរួមទៅយើងអត់អាចធ្វើអ្វីជាខ្លួនឯងបាន ត្រូវអនុវត្តន៍តាមរបៀបរបបដែលគណៈកម្មការបានរៀបចំ ពិសេសការដើរហើរចេញក្រៅ គឺត្រូវបានរឹតត្បិត» ។
ក្រឡេកមកការត្រៀមការប្រកួតប្រចាំតំបន់នាពេលខាងមុខវិញ លោកបានវាយតម្លៃខ្ពស់ ចំពោះការហ្វឹកហាត់ក្នុងស្រុកជិត ១សប្ដាហ៍កន្លងមក ពិសេសកីឡាករថ្មីៗ ដែលបានបន្សំយ៉ាងល្អជាមួយក្រុមជម្រើសជាតិ ហើយលោករំពឹងថា បន្ទាប់ពីទៅដល់សិង្ហបុរី ក្រោមដឹកនាំ និងការហ្វឹកហាត់ជាមួយលោក Keisuke Honda កីឡាកររបស់កម្ពុជា នឹងកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតផ្លូវការ ពិសេសជំនួបដំបូង ដែលកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី០៦ ខែធ្នូដើមសប្ដាហ៍ក្រោយ ។
លោកបន្ដថា «ការហ្វឹកហាត់ជាមួយខ្ញុំប៉ុន្មានថ្ងៃ មុនយើងចេញទៅសិង្ហបុរីថ្ងៃនេះ ឃើញថា មានការវាយតម្លៃខ្ពស់ ដោយសារការប្រឹងប្រែងពួកគាត់ ព្រោះជាឱកាសដំបូង ហើយគាត់ព្យាយាមយល់ថា អ្វីដែលក្រុមជម្រើសជាតិធ្វើ ជាមួយការហ្វឹកហាត់ និងកល្បិច នៃការលេង ។ ពិសេសបន្ទាប់ពីការហ្វឹកហាត់ គាត់បានបង្ហាញពីការប្រឹងប្រែងខ្លាំង ។ អ៊ីចឹងខ្ញុំគិតថា កីឡាករដែលមកចូលរួម ពិសេសកីឡាករថ្មី គឺធ្វើបានល្អ ហើយសង្ឃឹមថា ពួកគាត់នឹងប្រជែងតំណែង ១១នាក់ ។ សម្រាប់អនាគតវិញ ខ្ញុំគិតថា មួយចំនួន គាត់ជាកីឡាករដែលសំខាន់សម្រាប់ជម្រើសជាតិរបស់យើង» ។
សូមបញ្ជាក់ថា បេសកកម្មនេះ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ខណៈពូល A មានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងម្ចាស់ផ្ទះសិង្ហបុរី ។ ដោយព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងបរិបទកូវីដ គណៈកម្មការបានអនុញ្ញាតឲ្យក្រុមនីមួយៗ នាំយកកីឡាករបញ្ជីចុងក្រោយ ៣០នាក់ សម្រាប់ត្រៀមការប្រកួតនៅសិង្ហបុរី ដោយរាល់ការប្រកួតចុះឈ្មោះបាន ២៣នាក់ តែបើសិនកីឡាករណាម្នាក់ រកឃើញវិជ្ជមាន គណៈកម្មការអនុញ្ញាតឲ្យផ្លាស់ប្ដូរកីឡាករថ្មីភ្លាមៗ ៕