(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ និងជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈភាពជាអ្នកឧបត្ថម្ភគាំទ្រដល់មហោស្រពសិល្បៈ និងយុទ្ធនាការអប់រំនៅរាជធានីភ្នំពេញ។
ធនាគារកាណាឌីយ៉ា ដែលថ្មីៗនេះ ត្រូវបានទទួលស្គាល់ដោយ The Asian Banker ថាជា «The Best Retail Bank in Cambodia» បានប្រកាសពីការឧបត្ថម្ភ ដល់មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co., Ltd រួមជាមួយនឹងព្រឹត្តិការណ៍វប្បធម៌នានាដែលត្រូវបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។ មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តសៀមរាប។
ធនាគារកាណាឌីយ៉ា ក៏ត្រូវបាន The Asian Banker ទទួលស្គាល់ថាជា «The Strongest Bank by Balance Sheet in Cambodia» ផងដែរនោះ ក៏កំពុងធ្វើការឧបត្ថម្ភ ដល់កម្មវិធីទិវាមរតកវប្បធម៌អរូបិយ ដែលកម្មវិធីនេះ ក៏នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅប្រាសាទចៅសាយទេវតា។
លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានថ្លែងថា «ក្នុងនាមជាធនាគារក្នុងស្រុកមួយ ដែលប្តេជ្ញាចិត្តអស់ពីបេះដូងចំពោះកំណើន និងការអភិវឌ្ឍរបស់កម្ពុជា យើងក៏ទទួលស្គាល់ដល់សារៈសំខាន់របស់មរតកវប្បធម៌នៃកម្ពុជាផងដែរ។ យើងមានមោទកភាពក្នុងការគាំទ្រដល់ទាំងកម្មវិធីវប្បធម៌ និង កម្មវិធីអប់រំ»។
ថ្មីៗនេះ សិស្សរបស់សាលាអន្តរជាតិ Canadian International School (CIS) បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរំលេចពីជីវិត និងការចូលរួមក្នុងវប្បធម៌ របស់ម្ចាស់ក្សត្រិយ៍ ឥន្ទ្រទេវី ចំពោះសិល្បៈ និងសិល្បៈសម្តែងរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ មានការសម្តែងរបាំរបស់សិល្បករមកពីសាលារបាំ បុប្ផាទេវី ស្ថិតក្រោមការណែនាំរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ និងត្រូវបានបង្កើតឡើងដោយអ្នកគ្រូ ឱម យុវណ្ណឌី។
លោក Aaron Carpene នាយក និង ជាប្រធានផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា «យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកការឧបត្ថម្ភរបស់ធនាគារដល់ការគាំទ្រសិល្បៈ និង វប្បធម៌ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនកាណាឌីយ៉ា បានចូលរួមជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីៗផ្សេងទៀតដូចជាអង្គការ UNESCO និង សាលាអន្តរជាតិ CIS ក្នុងការផ្តល់ការអប់រំអំពីមរតកវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជានៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោក»។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។
អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជាទាំងនៅក្នុងប្រទេស និង ទៅកាន់ពិភពលោក៕