(កូប៉ិនហាក)៖ ខ្សែបម្រើក្លិប Inter Milan សញ្ជាតិដាណឺម៉ាក កីឡាករ Christian Eriksen បានចាប់ផ្តើមហ្វឹកហាត់ឡើងវិញនៅឯទីលានហ្វឹកហាត់ នៃក្លិបយុវជនរបស់លោក ក្នុងប្រទេសដាណឺម៉ាក បន្ទាប់ពីការស្តារនីតិសម្បទារបស់លោក ក្រោយពីទទួលរងការគាំងបេះដូង នៅអំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្លិប ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

កីឡាករ Eriksen វ័យ ២៩ឆ្នាំមិនបានចូលរួមប្រកួតនោះទេ ចាប់តាំងពីមានបញ្ហាគាំងបេះដូង ក្នុងពេលប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិដាណឺម៉ាក ដែលបានប៉ះនឹងក្រុមហ្វាំងឡង់កាលពីខែមិថុនា ហើយបានទទួលការសង្គ្រោះជីវិតនៅឯទីលាន។

អាជ្ញាធរវេជ្ជសាស្ត្រអ៉ីតាលីបានផ្អាកកីឡាករ Eriksen ពីការចូលរួមប្រកួតនៅក្នុងលីគ Serie A ដោយសារតែច្បាប់ហាមឃាត់ ការប្រើប្រាស់ឧបករណ៍សម្រួលចង្វាក់បេះដូង ដែលបានដាក់ផ្សាំ នៅក្នុងខ្លួនរបស់លោក។ នេះបើតាមក្លិប Inter បានឲ្យដឹងកាលពីខែតុលា ឆ្នាំ២០២១។

ក្លិបម្ចាស់ពានរង្វាន់លីគ Serie A មួយនេះ ក៏បានលើកឡើងដែរថា ពួកគេអនុញ្ញាតឲ្យខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ មានជម្រើសចាកចេញពីក្លិបផងដែរ៕