(មេនឆេស្ទើ)៖ Cristiano Ronaldo បានកើនគ្រាប់ស៊ុតបាន ៨០១គ្រាប់ហើយ ពីការចូលលេងបាន ១០៩៧ប្រកួតក្នុង អាជីពបាល់ទាត់របស់លោកគិតត្រឹមវ័យ ៣៦ឆ្នាំនេះ បន្ថែមលើការជួយបិសាចក្រហម Manchester United ឈ្នះកាំភ្លើងធំ Arsenal ៣-២ នៅរាត្រីឆ្លងចូលថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Ronaldo រកបាន ២គ្រាប់នៅទឹកដី Old Trafford នៅពេលឈ្នះក្រុមភ្ញៀវ Arsenal នៅនាទី៥២ និងនាទី៧០ ដោយបាល់ ១១ម៉ែត្រ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Michael Carrick មុនពេលការមកដល់របស់លោក Ralf Rangnick។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះ រកបាន ១២គ្រាប់គ្រប់កម្មវិធីប្រកួតរបស់បិសាចក្រហម ១៧ប្រកួតមកនេះ ក្រោយផ្ទេរចេញពីក្លិបអ៉ីតាលី Juventus នាខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ដូចគ្នានោះដែរ វីរបុរសដែលស៊ុតគ្រាប់ច្រើនជាងគេនៅ Premier League គឺលោក Alan Shearer ក៏ថ្លែងប្រាប់ Amazon ដោយលើកសរសើរ Ronaldo ថា «អ្នកទើបមកទីនេះ តែបានធ្វើរឿងដ៏អស្ចារ្យទៅហើយ»

៣ពិន្ទុលើកដំបូងក្រោមការបង្វឹក ៣ប្រកួតរបស់លោក Carrick ធ្វើឲ្យ Manchester United ផ្លាស់ចេញពីលេខ១១ មកឈរនៅលេខ៧ ជាបណ្តោះអាសន្នវិញដោយមាន ២១ តាមពីក្រោយគូប្រជែង Arsenal ដោយមាន ២៣ពិន្ទុ ឈរនៅលេខ៥ នៅពេលឆ្លងកាត់ ១៤ប្រកួតក្នុងជើងទី១ ដូចគ្នា៕