(មេនឆេស្ទើ)៖ នៅទីបំផុត Michael Carrick ដែលធ្លាប់ចំណាយពេលទាំងជាកីឡាករ និងអ្នកចាត់ការទូទៅ បានឈានដល់ផ្លូវបំបែកហើយ នៅពេលក្លិប Manchester United បានសម្រេចជ្រើសរើសលោក Ralf Rangnick ដឹកនាំបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ។

បុរសវ័យ ៤០ឆ្នាំសញ្ជាតិអង់គ្លេសខាងលើនេះ បានសម្រេចចិត្តដ៏លំបាកក្នុងការចាកចេញពីទឹកដី Old Trafford ជាទីដែលលោកធ្លាប់ឈ្នះពានលីគកំពូល Premier League បាន ៥សម័យកាលជាមួយក្លិប មុនចូលនិវត្តន៍បានវិត្តន៍ខ្លួនក្លាយជាគ្រូបង្វឹក និងដឹកនាំការប្រកួតផ្លូវការបាន ៣ប្រកួតមកនេះមិនចាញ់ឡើយ ក្រៅពីឈ្នះ២ដង និងស្មើ១ដង។

Carrick បានថ្លែងប្រាប់ BBC ក្រោយទទួលបានជ័យជម្នះទៅលើ Arsenal នាយប់មិញនេះថា «ក្រោយពីការសញ្ជឹងគិតយ៉ាងយូរមក ខ្ញុំក៏បានសម្រេចចិត្តថា វាដល់ពេលដែលត្រូវចាកចេញហើយ។ វាមិនមែនជារឿង ដែលងាយស្រួលឡើយ ក្នុងការប្រាប់កីឡាករគ្រប់គ្នាពីរឿងនេះ ក៏ព្រោះវាជាពេលដ៏ស័ក្តិសមហើយ។ ខ្ញុំពេញចិត្តការងារនៅទីនេះណាស់ ព្រោះតែពួកគេជាក្រុមកីឡាករដ៏អស្ចារ្យក្នុងចិត្តខ្ញុំ»

Carrick ដែលធ្លាប់ជួយ Manchester United ឈ្នះពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជំនាន់លោក Sir Alex-Ferguson ដឹកនាំនោះ បានទទួលតួនាទីដឹកនាំបិសាចក្រហម ក្រោយពេលលោក Ole Gunnar Solskjaer ត្រូវបានបញ្ចប់តំណែង ដែលដឹកនាំបាន ៣ប្រកួត តែក្លិបប្រចាំទីក្រុង Manchester មួយមិនបានរើសយកឲ្យដឹកនាំ រហូដល់ចប់រដូវកាលឆ្នាំ២០២១-២០២២ នេះឡើយ៕