(ភ្នំពេញ)៖ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើការវិនិយោគ លើការអភិវឌ្ឍ វិស័យឌីជីថល ក៏ដូចជាវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) កាន់តែខ្លាំងឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកម្ពុជារួមទាំងពិភពលោកទាំងមូល កំពុងដើរឆ្ពោះទៅរកបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតជាចម្បង ទៅលើវិស័យបច្ចេកវិទ្យា។

ក្នុងបរិបទបច្ចេវិទ្យានេះ អេស៊ីលីដា អាចចាត់ទុកបានថា ជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេមួយ ដែលបានវិវត្តខ្លួនទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងឡើងៗ ស្របទៅតាមសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលកំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័សនៅក្នុងតំបន់។

ក្នុងនោះដែរ អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីធនាគារតាមទូរសព្ទដៃដ៏ទំនើប របស់ធនាគារអេស៊ីលីដា បាននិងកំពុង ដើរតួនាទីកាន់តែសំខាន់ ក្នុងការជួយដល់អ្នកប្រើប្រាស់សេវាធនាគារ ពិសេស នៅអំឡុងវិបត្តិកូវីដ១៩នេះ។

តាមរយៈការប្រើប្រាស់អេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនចាំបាច់មកកាន់ទីស្នាក់ការ ឬការិយាល័យ ធនាគារដោយផ្ទាល់ ដើម្បីធ្វើការប្រើប្រាស់សេវាធនាគារនោះទេ ពោលគឺគ្រាន់តែ ប្រើប្រាស់អេស៊ីលីដាម៉ូបាលជាមួយនឹងទូរសព្ទស្មាតហ្វូនគេអាចធ្វើការផ្ទេរប្រាក់ ទូទាត់ប្រាក់ បង់ថ្លៃសេវាទឹក-ភ្លើង និងសេវាផ្សេងៗជាច្រើនទៀត បានយ៉ាងងាយស្រួល លឿនរហ័ស និង សុវត្ថិភាពខ្ពស់។

អ្វីកាន់តែពិសេសនោះ ថ្មីៗនេះ អេស៊ីលីដា ទើបតែបានដាក់ឲ្យប្រើប្រាស់នូវសេវាអេស៊ីលីដា អ៊ីស៊បថ្មីមួយបន្ថែមទៀត ដែលជាមុខងារថ្មី បន្ថែម នៅលើកម្មវិធីអេស៊ីលីដាម៉ូបាល សម្រាប់អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចទិញទំនិញរាប់ពាន់រាប់ម៉ឺនមុខ និងអាចទូទាត់ប្រាក់តាមអេស៊ីលីដាម៉ូបាលបានផងដែរ។

នាយិកាប្រតិបត្តិជាន់ខ្ពស់ ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បានបញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដា មានអ្នកកំពុងប្រើប្រាស់គណនីធនាគារ ជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់ អេស៊ីលីដា មានជាង ២លាននាក់ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំងអាចទូទាត់តាមម៉ាស៊ីនឆូតកាតបានមានជាងជិត៥ពាន់កន្លែងផងដែរ។

ចំពោះព័ត៌មានផ្សេងៗ សូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤ ៤៤៤ ៕