(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR GROUP) បានប្រារព្ធពិធីគម្រប់ខួប ១០ឆ្នាំ នៃការបង្តើតក្រុមហ៊ុន ព្រមទាំងអបអរសាទរជាមួយសម្ធិទ្ធផលនានា ដែលខ្លួនបានបង្តើតយ៉ាងជោគជ័យ។

ក្រុមហ៊ុន ជីហ្គៀ គ្រុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដោយផ្តើមចេញពីក្រុមហ៊ុននាំចូលផលិតផលអេឡិចត្រូនិច និង ទូរសព្ទដៃ LG ឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនកូនខ្មែរមួយនេះ មានឈ្មោះដើមថា ជីហ្គៀ ហើយដោយសារក្រុមហ៊ុនកាន់តែរីកដុះដាលឡើងនោះ នៅឆ្នាំ២០១៦ ក្រុមហ៊ុនក៏បានប្តូរឈ្មោះសារអាជីវកម្មរបស់ខ្លួនទៅជាក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលមានក្រុមហ៊ុនបុត្រសម័្ពន្ធផ្លូវការធំៗចំនួន៥ រួមមានដូចជា ក្រុមហ៊ុន GGEAR Trading ក្រុមហ៊ុន GGEAR Retail, ក្រុមហ៊ុន GGEAR Commercial ក្រុមហ៊ុន GGEAR Elevator និង ក្រុមហ៊ុន GGEAR Pronith ជាដើម។

មកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចូល និងចែកចាយផលិតផល ម៉ាក LG ក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៉ីនបន្សុទ្ធខ្យល់ ទូរទឹកកក ទូរទស្សន៍ ឧបករណ៍បំពងសម្លេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន ជីហ្គៀ ក៏ជាដៃគូតែមួយគត់របស់ក្រុមហ៊ុនជណ្តើរយន្តដ៏ល្បីឈ្មោះ HYUNDAI Elevator ដែលក្រុមហ៊ុនទទួលបានសិទ្ធនាំចូល និងតំឡើងផ្តាច់មុខ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ បានជំរុញឱ្យក្រុមហ៊ុន ជីហ្គៀ ទទួលបានវិញ្ញាបនបត្រស្ដង់ដាចំនួនពីរ គឺ ISO 9001:2015 ដែលជាស្ដង់ដាគុណភាពលើប្រព័ន្ធគ្រប់គ្រង និងវិញ្ញាបនបត្រស្តង់ដា ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ។

ដោយយល់ថាការធ្វើអាជីវកម្មមិនមែនត្រឹមតែគិតអំពីប្រាក់ចំណូលនោះទេ ទើបក្រុមហ៊ុនត្រូវតែមានទំនួលខុសត្រូវខ្ពស់ត្រលប់ជូនទៅដល់សង្គមវិញ យើងបានសហការជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្ត ក្រុង ទូទាំងប្រទេសដោយឥតគិតថ្លៃ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ដោយប្រទេសកម្ពុជាបានប្រឈមមុខនឹងគ្រោះធម្មជាតិ ទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់និងចូលរួមសកម្មភាពជួយសង្គមជាបន្តបន្ទាប់ដោយបានឧបត្ថម្ភអង្ករជាច្រើនតោន និងផ្តល់នូវសេវាកម្មបោកគក់ចល័ត (mobile laundry service) ជូនប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងការពារទាំងអស់ដោយឥតគិតថ្លៃ។

ក្រុមហ៊ុន ក៏នៅតែបន្តការខិតខំលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ឱ្យទាន់ពេលវេលាផងដែរ។ លើសពីនេះក្រុមហ៊ុនក៏បានរៀបចំជាមូលនិធិអាជីវករលក់គ្រឿងអេឡិចត្រូនិចដែលមានការសហការពីដៃគូអាជីវកម្មក្នុងស្រុក និងខេត្តមួយចំនួនដូចជាខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដោយជួយឧបត្ថម្ហគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

នៅក្នុងពិធីអបអរសាទរគម្រប់ខួប១០ឆ្នាំនេះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប បានថ្លែងថា៖ «ក្នុងរយៈពេល១០ឆ្នាំមកនេះ យើងមានមោទនភាពជាខ្លាំងជាមួយនឹងសមិទ្ធផលរបស់យើង ដែលចាប់ផ្តើមពីបុគ្គលិក២២នាក់ រហូតមកមានបុគ្គលិក ៧៧០នាក់ក្នុងពេលបច្ចុប្បន្ន ហើយយើងបានក្លាយជា សាវជីវកម្មមួយដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥ ធំ ដែលសុទ្ធសឹងជាក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយនូវផលិតផលនិងសេវាកម្មប្រកបដោយគុណភាព»

លោកបន្តថា «ជាមួយនឹងសមិទ្ធផលជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ខ្ញុំក៏ឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណដល់ ដៃគូអាជីវកម្ម អតិថិជន ទូទាំងប្រទេស ដែលបានសហការនិងគាំទ្រផលិតផលក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ជីហ្គៀដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការរុញច្រាន ក្រុមហ៊ុន ជីហ្គៀ គ្រុប ឱ្យទទួលបានជោគជ័យដូចសព្វថ្ងៃ»

ដោយយោងតាមការបញ្ជាក់របស់លោកឧកញ៉ា សុខ ពិសិដ្ឋ បានដាក់ចេញនូវចក្ខុវិស័យ និងបេសកម្មថ្មីដោយចង់ក្លាយជាសាជីវកម្មលេចធ្លោមួយដែលមានសក្តានុពល ជួញជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ហើយជាមួយគ្នានេះ ក្រុមហ៊ុនមានការ ប្តេជ្ញាចិត្តចែករំលែកនូវគុណតម្លៃជាមូលដ្ឋានគ្រឹះ និងវិវឌ្ឃន៍ភាពរបស់មនុស្សជាតិក្នុងបរិបទរស់នៅប្រកបដោយភាពវៃឆ្លាត តាមរយៈអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុនទាំង៥ខាងលើនេះ ដោយផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម ផលិតកម្ម សេវាកម្ម និងដំណោះស្រាយសម្រាប់សំណង់អគារ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

លោកឧកញ៉ាថ្លែងថា «យើងប្តេជ្ញាចិត្តចែករំលែកតម្លៃជាមូលដ្ឋានរបស់យើង និងចូលរួមក្នុងវឌ្ឍនភាពរបស់មនុស្សជាតិដោយផ្តល់នូវបរិយាកាសរស់នៅប្រកបដោយភាពឆ្លាតវៃ តាមរយៈអាជីវកម្មចម្រុះដែលផ្តោតលើអាជីវកម្មចម្បងៗទាំង៤របស់យើង គឺការធ្វើពាណិជ្ជកម្ម ដំណោះស្រាយសំណង់អគារធំៗ ការផលិត និងសេវាកម្ម»