(ហ្វីលីពីន)៖ ព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ថា តារាសម្តែងល្បីរបស់ហ្វីលីពីន អ្នកនាង Marina Rivera ដែលទស្សនិកជនខ្មែរនិយមហៅថា នាង ម៉ារីម៉ា នោះ នឹងមានវត្តមានក្នុងកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» លើកទី៧០ នៅអ៉ីស្រាអែល ក្នុងនាមជាគណៈកម្មការដាក់ពិន្ទុ។ តើនេះជាការពិត ឬយ៉ាងណា?

ជាក់ស្តែង ពាក្យចចាមអារ៉ាមនេះបានលេចឡើង ក្រោយពេលដែល ម៉ារីម៉ា បានបង្ហោះរូបភាពថ្មី ដោយចាក់ចំណងជើងថា «Honored.#Grateful»។ បន្ថែមពីនេះថែមទាំងមានដាក់ Emoji រូបមកុដ និងរូបផ្កាយ ដែលកាន់តែធ្វើឲ្យមានការសង្ស័យថា នាងទំនងជាបានចាកចេញពីប្រទេសកំណើត ដើម្បីទៅអ៉ីស្រាអែលចូលរួមធ្វើជាគណៈកម្មការ «Miss Universe» ពិតមែនហើយ។ ទោះជាបែបនេះក្តី ក្រុមការងាររបស់តារាល្បី Marina River មិនបានចេញមកបញ្ជាក់ផ្លូវការនោះទេ ខណៈអ្នកគាំទ្រមានតែទន្ទឹងរង់ចាំ ថ្ងៃចាប់ផ្តើមកម្មវិធីមកដល់។

គណៈកម្មការរៀបចំកម្មវិធី «Miss Universe» បានបញ្ជាក់ថា បច្ចុប្បន្ននេះមានបេក្ខនារីមកពីបណ្តាប្រទេសចំនួន៨០ហើយ បានមកដល់ប្រទេសអ៉ីស្រាអែល ដើម្បីប្រកួតក្នុងកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីនេះ ក៏ត្រូវបានធ្វើឡើងដោយផ្អែកតាមវិធានការសុខាភិបាល ដ៏តឹងរឹងបំផុត ឆ្លើយតបនឹងជំងឺកូវីដ-១៩ បំប្លែងថ្មី។

គួរជម្រាបថា សម្រាប់កម្មវិធី «Miss Universe» កម្ពុជាក៏បានបញ្ជូនបេក្ខនារីចូលរួមប្រកួតផងដែរ។ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡតំណាងប្រទេសកម្ពុជា បានចាកចេញពីមាតុភូមិ ដើម្បីចូលរួមប្រកួតកម្មវិធីនេះ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នកញ្ញាកំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល ដើម្បីត្រៀមខ្លួនប្រកួត៕