(អាមេរិក)៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសសហរដ្ឋអាមេរិកណាសា (NASA) បានប្រកាសផ្តល់ជាកញ្ចប់ថវិកា ដែលមានទឹកប្រាក់ប្រមាណ ៤១៥,៦លានដុល្លារទៅឲ្យក្រុមហ៊ុនរបស់ កំពូលមហាសេដ្ឋី Jeff Bezos គឺក្រុមហ៊ុន Blue Origin និងក្រុមហ៊ុនបច្ចេកវិទ្យា

ធំៗពីរផ្សេងទៀត ដើម្បីសហការគ្នាក្នុងការអភិវឌ្ឍស្ថានីយអវកាសបែបពាណិជ្ជកម្ម (Commercial Station) ដែលមានលក្ខណៈជាឯកជន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនចំនួនពីរផ្សេងទៀតនោះគឺ Nanoracks និងក្រុមហ៊ុន Northrop Grumman Corp ដែលទទួលកុងត្រាថ្មីនេះគឺនឹងក្លាយ
ទៅជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាសាដើម្បីអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនក្នុងការដឹកនាំអាជីវកម្មអវកាសដែលស្ថិតនៅក្នុងកម្រិតគន្លងទាប ឬ Low-Earth Orbit (LEO) ខណៈដែលស្ថានីយអវកាសអន្តរជាតិ ISS នឹងត្រៀមខ្លួនចូលនិវត្តហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ក្រុមហ៊ុន Blue Origin នឹងទទួលបានទឹកប្រាក់ប្រមាណជា ១៣០លានដុល្លារពីគម្រោងមួយនេះ ដើម្បីជួយគាំទ្រដល់កិច្ចការងារអភិវឌ្ឍ និងកសាងស្ថានីយអវកាស ដែលធ្លាប់បានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុន ព្រមទាំងត្រូវបានស្គាល់ឈ្មោះថា Orbital Reef ដោយចូលរួមសហការគ្នាពីសំណាកក្រុមហ៊ុន Sierra Space និង Boeing Co. ហើយតាមផែនការស្ថានីយអវកាសនេះនឹងត្រូវ Blue Origin ដាក់ឲ្យដំណើរការជាផ្លូវការនាពាក់កណ្តាលទសវត្សនេះហើយ។

ក្រៅពីនោះ NASA បានសម្រេចផ្តល់កុងត្រាតម្លៃ ១៦០លានដុល្លារទៅឲ្យក្រុមហុន Nanoracks ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ៊ូស្តុនសម្រាប់ស្ថានីយអវកាសរបស់ខ្លួនមានឈ្មោះថា Starlab ដែលគ្រោងនឹងដំណើរការជាផ្លូវការនាឆ្នាំ២០២៧ ខណៈដែលកញ្ចប់ប្រាក់ ១២៥,៦លានដុល្លារនឹងផ្តល់ទៅឲ្យក្រុមហ៊ុន Northrop
Grumman Corporation៕