(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរំ (Class P3+Tranning Camp) រយៈពេល ១សប្ដាហ៍ចាប់ពីថ្ងៃទី០១-០៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានចាត់ទុកវគ្គនេះ គឺជាវគ្គដ៏មានសារៈសំខាន់ ក្នុងការបញ្ជ្រាបចំពោះដឹង និងក្បួនច្បាប់ថ្មីៗដល់គ្រូបង្វឹក សម្រាប់យកចំណេះដឹងទាំងនេះ ទៅបង្ហាត់ដល់កីឡាករ-កីឡាការិនីឲ្យកាន់តែរីកចម្រើន និងដើមទាន់ការវិឌ្ឍន៍របស់កីឡាកាយសម្ព័ន្ធអន្ដរជាតិ។

គ្រូឧទ្ទេសប្រចាំវគ្គដដែលបន្ថែមថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋាន Level 1 (P1 P2) រួចហើយ ដូច្នេះវគ្គនេះ បានផ្ដោតលើការអនុវត្តច្រើន ដោយសារកម្រិត Level 1 (P3) ជាកម្រិតមួយឈានទៅរកកម្រិតខ្ពស់ ពោលគឺផ្ដោតសំខាន់លើការសិក្សាផ្នែកទ្រឹស្ដី ៣០% និងការអនុវត្តផ្ទាល់ ៧០%។

ក្នុងឱកាសនោះ លោកក៏បានចែករំលែកចំណេះដឹងថ្មីៗ ទទួលបានពីការចូលរួមសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធអន្ដរជាតិ លើកទី៨៣ កាលពីខែវិច្ឆិកា នៅប្រទេសទួរគី បន្ទាប់ពីសហព័ន្ធអន្តរជាតិបានអនុម័តទៅលើការផ្លាស់ប្តូរលក្ខន្តិកៈមួយចំនួន ខណៈក្បួនច្បាប់នៃប្រភេទអាអេរ៉ូប៊ិក បានផ្លាស់ប្តូរស្ទើរតែទាំងស្រុងផងដែរ។

អគ្គលេខាធិការខាងលើ បានបង្ហាញសុទិដ្ឋិនិយមថា «តាមរយៈវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ នឹងជួយជំរុញការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈគោលការណ៍ថ្មីៗនេះ ក៏នឹងត្រូវម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ នៅវៀតណាម យកទៅអនុវត្តតាមការវិវឌ្ឍថ្មីនៃប្រភេទកីឡាកាយសម្ព័ន្ធនេះដែរ»

គួរដឹងថា វគ្គនេះ មានសិក្ខាកាម ២២នាក់មកពី ៤រាជធានី-ខេត្តចូលរួម ក្រោមការឧបត្ថម្ភគាំទ្របស់ក្រសួងអប់រំ យុវជន និងកីឡា។ ទន្ទឹមជាមួយគ្នា លោក ណយ ផាណា ក៏បានថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ ដែលយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់នេះកើតឡើងផងដែរ។

ក្រោយបញ្ចប់វគ្គនេះ សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ហាត់នូវបច្ចេកទេស ក៏ដូចជាក្បួនច្បាប់ថ្មីៗដល់កីឡាករ-កីឡាការិនីរបស់ខ្លួន សម្រាប់ត្រៀមការប្រកួតនានា ពិសេសការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៨-១៣ ខែធ្នូខាងមុខ៕