(ចិន)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មជួយកង់ និងរថយន្តដ៏ធំរបស់ចិន Didi Global Inc បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា នឹងដកខ្លួនចេញពី បញ្ជី ផ្សារហ៊ុនញូវយ៉ក (New York Stock Exchange) ហើយទៅចុះបញ្ជីផ្សារហ៊ុននៅក្នុងហុងកុងជំនួសវិញ ដែលការប្រកាសនេះត្រូវបាន ធ្វើ ឡើង ប៉ុន្មាន ថ្ងៃក្រោយពីរដ្ឋាភិបាលចិនមានគម្រោងហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដាក់លក់ IPO ឬចូលផ្សារហ៊ុននៅក្រៅប្រទេស។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Didi បានសម្រេចចិត្តចុះបញ្ជី ផ្សារហ៊ុននៅសហរដ្ឋអាមេរិកកាលពីប្រមាណជិត៦ខែមុន ហើយនៅពេលនេះស្រាប់តែសម្រេចចិត្តដកខ្លួនវិញ ហើយងាកមក ចុះបញ្ជីនៅផ្សារហ៊ុន ហុងកុងវិញ ដែលនេះសបញ្ជាក់ឱ្យឃើញថា វាហាក់មានភាពមិនប្រក្រតី ឬអាចពាក់ព័ន្ធនឹងសម្ពាធពីសំណាក់រដ្ឋាភិបាល ខណៈដែល Didi បានអះអាងថា ខ្លួនពិចារណាយ៉ាងយកចិត្តទុកដាក់ទើបសម្រេចធ្វើដូច្នេះ។

គិតចាប់តាំងពីក្រុមហ៊ុន Didi ប្រកាសចូលផ្សារហ៊ុន New York Stock Exchange តម្លៃភាគហ៊ុនបានធ្លាក់ចុះរហូតដល់ ៤០ភាគរយ បើបានធ្លាក់ចុះកាន់តែខ្លាំងនៅសប្ដាហ៍មុននេះ បន្ទាប់ពីទទួលបាននិយតករចិនបានស្នើឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Didi រៀនចំផែនការដកខ្លួន ចេញពីផ្សារហ៊ុនអាមេរិក ហើយបើតាមសេចក្តីរាយការណ៍ថាបានឱ្យដឹងថា និយតករចិនចង់ឱ្យក្រុមហ៊ុន Didi ដកខ្លួនចេញពីផ្សារហ៊ុនញូវយ៉ក ដោយសារតែមានការព្រួយបារម្ភអំពីការលេចធ្លាយទិន្នន័យរសើប។

ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ការសម្រេចចិត្តដកខ្លួនចេញពីផ្សារហ៊ុនញូវយ៉កនេះ បានធ្វើឱ្យប៉ះពាល់ដល់់ម្ចាស់ភាគហ៊ុនធំ ដែលត្រូវបានគេដឹង ថា មានក្រុមហ៊ុនវិនិយោគយក្ស SoftBank និង Uber ដែលបូកបញ្ចូលគ្នាមានហ៊ុនសរុបរហូតដល់ ៣០ភាគរយ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនគ្រោងនឹងហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកចូលផ្សារហ៊ុនបរទេសតាមរយៈ IPO ហើយការហាមក្រុមហ៊ុននានាមិនឱ្យចូលផ្សារមូលបត្រក្រៅស្រុកនេះគឺជាផ្នែកមួយដើម្បីដោះស្រាយកង្វល់លើសុវត្ថិភាពទិន្នន័យ៕