(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការផ្លាស់ប្ដូរសមាជិកគណៈកម្មាធិការប្រតិបត្តិមួយចំនួន ដើម្បីពង្រឹងផែនការយុទ្ធសាស្ដ្រ និងការអភិវឌ្ឍ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ការរុះរើនេះធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០១៥ នៅថ្ងៃទី០៣ ខែធ្នូនេះ ខណៈលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីបន្ដទៀត ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ដោយគោរពតាមលក្ខន្ដិកៈសហព័ន្ធ គណៈកម្មាធិការប្រតិបត្តិមួយចំនួន ដែលអសកម្ម ក៏ដូចជាអ្នកលាឈប់ ត្រូវបានសហព័ន្ធរុះរើផ្លាស់ប្ដូរថ្មីតែម្ដង ដើម្បីធានាបាននូវការអនុវត្តផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធឲ្យមានប្រសិទ្ធភាពក្នុងគោលដៅឆ្ពោះទៅដណ្ដើមមេដាយប្រាក់ស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងដណ្ដើមមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិថ្មីនេះ គឺចំណុចយុទ្ធសាស្ដ្រ ក៏ដូចជាការកែទម្រង់ស៊ីជម្រៅរបស់សហព័ន្ធ ដែលជាការរៀបចំថ្មី ដើម្បីឲ្យពួកគាត់ ក៏ដូចជាគណៈកម្មាធិការក្បាលម៉ាស៊ីនថ្មី គឺអនុវត្តផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលមានតាំងពីអាណត្តិមុន ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាណាចក្រកកម្ពុជា» ។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺមាន ១៣នាក់ ដោយមានលោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ជាប្រធាន, លោក ខេស៊ី បាណេត និងលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី ជាអនុប្រធាន ។ លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ រួមជាមួយលោក ពេជ្រ សូផែន និងលោក ច័ន្ទ សុទ្ធ ជាអគ្គលេខាធិការរង ។ លោក សំ ពិសិដ្ឋ ជាអគ្គហេរញ្ញិក និងសមាជិក ៤នាក់ផ្សេងទៀត ៕