(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាអេឡិចត្រូនិកដែលកំពុងរីកចម្រើននៅកម្ពុជា នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិលើកទីមួយ របស់ប្រទេសកម្ពុជា ហើយអ្នកឈ្នះនឹងជាតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និង សែលកាត បានសហការគ្នាក្នុងការបើកការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំលើកទីមួយ ជាមួយនឹងប្រាក់រង្វាន់សរុប ៣២លានរៀល ដែលក្រុមអត្តពលិកកីឡាអេឡិចត្រូនិករបស់កម្ពុជា អាចចុះឈ្មោះប្រកួតសម្រាប់ហ្គេមទូរសព្ទចំនួនពីរគឺ PUBG Mobile និង League of Legends: Wild Rift ។

អ្នកដែលឈ្នះនឹងបន្តទៅប្រកួតជាមួយប្រទេសចំនួន៩ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ក្នុងការប្រកួត Pre Sea Games ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិករបស់ប្រទេសវៀតណាម ក្នុងខែមករានេះ បន្ទាប់ពីនេះពួកគេក៏នឹងមានឱកាសចូលរួមប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួត Road to SEA Games ដែលរៀបចំឡើងដោយ សែលកាត និង EFC ក្នុងខែកុម្ភៈខាងមុខនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បាននិយាយថា ការចាប់ផ្តើមនៃការប្រកួតនេះ ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូដ៏រឹងមាំរវាង សែលកាត និង EFC ។

លោក Simon Perkins បានបញ្ជាក់ថា «ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងវិស័យអេឡិចត្រូនិក យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីឱកាសដ៏ល្អនេះ ដល់សហគមន៍កីឡាអេឡិចត្រូនិកដែលកំពុងតែរីកចម្រើននៅកម្ពុជា។ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ដោយមានការកើនឡើងពីអ្នកលេងត្រឹមតែ ២.៩លាននាក់ក្នុងឆ្នាំ២០២០ កើនដល់ ៣.៩ លាននាក់ ក្នុងឆ្នាំ២០២១។

លោក Perkins បានបន្ថែមថា កីឡាអេឡិចត្រូនិក កំពុងផ្តល់មានឥទ្ធិពលនិងលើកទឹកចិត្តដល់យុវជនកម្ពុជា និងផ្តល់នូវវេទិកាដើម្បីបង្ហាញពីសមត្ថភាពដ៏ជំនាញនៅលើឆាកអន្តរជាតិ។

លោក ជា ច័ន្ទបរិបូរណ៍ ជាប្រធាន EFC បានថ្លែងថា ការប្រកួតនេះគឺជាជំហានដ៏ធំមួយទៀតនៃអត្តពលិកកីឡាអេឡិចត្រូនិករបស់កម្ពុជា ដែលអាចបង្ហាញទេពកោសល្យនៅលើឆាកអន្តរជាតិ។

លោកបន្តថា «យើងចង់បង្កើតក្រុមដ៏រឹងមាំនៃអត្តពលិកកីឡាអេឡិចត្រូនិករបស់កម្ពុជា ដែលពោរពេញទៅដោយជំនាញវិជ្ជាជីវៈ ដែលអាចជាតំណាងឱ្យប្រទេសនៅលើឆាកអន្តរជាតិ។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន សែលកាត ដែលបានជួយធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើងបាន»

ក្រុមអត្តពលិកនឹងធ្វើការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ ដោយការប្រកួតទាំងអស់ត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក Playgame និង EFC ដែលអាចចូលរួមទស្សានាជាមួយមិត្តភក្តិនិងក្រុមគ្រួសារផងដែរ។

សូមជម្រាបថា ការប្រកួតនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការចុះឈ្មោះចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែធ្នូ។ វគ្គជម្រុះតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ដោយវគ្គបែងចែកក្រុមនិងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែធ្នូ។

ការប្រកួតចាប់ផ្តើមបើកឱ្យចុះឈ្នោះដោយឥតគិតថ្លៃសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់។ ដើម្បីចុះឈ្មោះចូលរូមការប្រកួត គ្រាន់តែចូលទៅកាន់គេហទំព័រ www.unlimited.play.com.kh/arena ៕