(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្ដេជ្ញាយកការឧបត្ថម្ភទាំងអស់ ទៅប្រើប្រាស់ឲ្យចំទិសដៅ ក្នុងន័យអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ពិសេសបម្រើឲ្យដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ការថ្លែងបែបនេះ បន្ទាប់ពីសហព័ន្ធបានចុះអនុស្សារណៈយោគយល់គ្នា(MOU) រយៈពេល ៣ឆ្នាំ ជាមួយសមាគមសេដ្ឋកិច្ចចិនខ្មែរ ក័ងតុង នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះ ។

ប្រមុខកីឡាវ៉ូវីណាមកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកិច្ចសហការជាមួយសមាគចិនខាងលើ គឺជាសញ្ញាណវិជ្ជមានមួយទៀត ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ជាក់ស្ដែងកីឡាវ៉ូវីណាម បន្ថែមលើការយកចិត្តទុកដាក់ និងការឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពិសេសក្រុមជម្រើសជាតិ ដែលកំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមស៊ីហ្គេម និងព្រឹត្តិការណ៍អន្ដរជាតិនានា ។

លោកបន្ដថា «ការចុះ MOU នេះ គឺជាសក្ខីភាពមួយ ក្នុងដំណើរឆ្ពោះទៅមុខរបស់កីឡាវ៉ូវីណាមកម្ពុជា ហើយជាការលើកទឹកចិត្តមួយដ៏សំខាន់ ចំពោះកីឡាករ-កីឡាការិនី ក្នុងការបង្កើននូវក្ដីសង្ឃឹម ដោយអ្វីៗដែលពួកគាត់កំពុងខិតខំប្រឹងប្រែង គឺមានការគាំទ្រពីរាជរដ្ឋាភិបាលផង ពីបណ្ដាវិនិយោគិនផង ។ អ៊ីចឹងពួកគាត់ប្ដេជ្ញានឹងធ្វើយ៉ាងម៉េច ដើម្បីដណ្ដើមជោគជ័យជូនជាតិឲ្យបាន ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង» ។

ដោយឡែកលោក Chhay Jinh Yi ប្រធានសមាគមសេដ្ឋកិច្ចចិនខ្មែរ ក័ងតុង បានបង្ហាញក្ដីរីករាយ ក្នុងការរួមចំណែកជួយដល់វិស័យកីឡាកម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ ការចុះ MOU ជួយកីឡាវ៉ូវីណាមនេះ ប្រៀបដូចជាការតបស្នងចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់អ្នកវិនិយោគចិន ក្រោយការរកស៊ី និងរីកចម្រើននៅកម្ពុជា ។ ដូច្នេះពួកគេរីករាយ ក្នុងការយកភាគចំណេញខ្លះជួយអភិវឌ្ឍវិស័យកីឡាកម្ពុជា ។

ប្រធានសមាគមដដែលថា «ក្នុងនាមប្រជាជនចិន ពិតជារីករាយ ក្នុងការជួយគាំទ្រវិស័យកីឡាកម្ពុជា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលរដ្ឋាភិបាល និងប្រជាជនចិន ក៏បានរួមចំណែកក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ ជាក់ស្ដែងដូចជាការជួយសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង់សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានបារ៉ាហ្គេមជាដើម» ។

ក្នុងកិច្ចសហការ ៣ឆ្នាំ ដែលត្រូវនឹងពេលវេលា កម្ពុជាកំពុងត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ សមាគមបានប្ដេជ្ញាជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារៈ ការប្រកួតផ្សេងៗ ពិសេសគាំទ្រដល់ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ស្របតាមតម្រូវការសហព័ន្ធ បន្ថែមលើការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ ដើម្បីជំរុញកីឡាដ៏មានសក្ដានុពលនេះឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិបន្ថែមទៀត ៕