(ម៉ូនិច)៖ ក្លិបបាល់ទាត់ Bayern Munich នឹងគ្មានវត្តមានខ្សែបម្រើដ៏សំខាន់ Joshua Kimmich នៅពេលដែលពួកគេ ធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Borussia Dortmund នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ ស្របពេលដែលខ្សែបម្រើ Leon Goretzka ក៏មិនទាន់ប្រាកដនៅឡើយអំពីវត្តមានក្នុងការប្រកួតប៉ះក្រុមកំពូលតារាង Bundesliga នេះ។ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹក Julian Nagelsmann ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
Kimmich នឹងមិនអាចវិលត្រឡប់មកវិញនៅមុនសប្តាហ៍ក្រោយបាន ដោយសារលោកនៅបន្តធ្វើចត្តាឡីស័កនៅឡើយ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។ នេះបើតាមសម្តីលោក Nagelsmann។
«Leon Goretzka គឺនៅតែមិនទាន់ប្រាកដនៅឡើយ។ យើងនឹងសម្រេចចិត្តនៅថ្ងៃនេះ ឬស្អែក។ លោកបានកាត់បន្ថយការហ្វឹកហាត់ ហើយលោកនៅតែមានបញ្ហាមួយចំនួនជាមួយនឹងជង្គង់របស់លោក។ វាគឺជាបញ្ហាឈឺចាប់»។ លោក Nagelsmann បានបន្ថែម៕