(ប៉េកាំង)៖ លោក Li Tie បានលាលែងពីតំណែង ជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិចិនហើយ និងត្រូវបានតែងតាំងជំនួយ ដោយអតីតមិត្តរួមក្រុមរបស់លោក គឺលោក Li Xiaopeng ចូលមកជំនួសតំណែងវិញ។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់ចិន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
អតីតខ្សែបម្រើក្លិប Everton រូបនេះ បានលាលែងចេញពីតំណែង ចំពេលដែលមានការរិះគន់លើការប្រកួតនៃក្រុមដែលលោកដឹកនាំ នៅក្នុងយុទ្ធនាការជម្រុះ World Cup ឆ្នាំ២០២២ របស់ពួកគេ ស្របពេលដែលចិន កំពុងខិតខំក្នុងការឆ្ពោះកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រជាលើកដំបូង ចាប់តាំងពីពួកគេចាប់ផ្តើមក្នុងយុទ្ធនាការនេះអស់រយៈពេលជិត២០ឆ្នាំមកនេះ។
ចិន កំពុងស្ថិតនៅលំដាប់ទី៥ ក្នុងចំណោម ៦ក្រុមនៃពូល B ជាមួយក្រុមកំពូលក្នុងពូលចំនួន ២ប៉ុណ្ណោះដែលធានាកៅអីសម្រាប់ការប្រកួតនៅប្រទេសកាតា នាឆ្នាំក្រោយនេះ។
លោក Li Tie ត្រូវបានតែងតាំងជាគ្រូបង្គោល បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Marcello Lippi កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានបន្តកិច្ចសន្យារបស់លោកជាមួយសមាគមបាល់ទាត់ចិន រហូតដល់ខែសីហា ឆ្នាំ២០២៦។
ការប្រកួតលើកដំបូងដែលលោក Li Xiaopeng នឹងទទួលបន្ទុកដឹកនាំ គឺនៅថ្ងៃទី២៧ ខែមករាខាងមុខ នៅពេលដែលចិន នឹងជួបជាមួយសាម៉ូរ៉ៃជប៉ុន មុនជួបជាមួយវៀតណាម នៅ៥ថ្ងៃបន្ទាប់ក្នុងវគ្គជម្រុះ FIFA World Cup 2022៕