(អាមេរិក)៖ ក្រុមហ៊ុន Twitter បានប្រកាសឱ្យដឹងថា ប្រធានវិស្វកម្មលោក Michael Montano និងប្រធានផ្នែករចនាលោក Dantley Davis នឹងលាលែងពីតួនាទីរបស់ពួកគេនៅចុងខែនេះ ដែលវាជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឱ្យកាន់តែទូលំទូលាយ និងមាន ប្រសិទ្ធភាពជាងមុន ខណៈដែលនាយកប្រតិបត្តិថ្មីលោក Parag Agrawal ទើបតែឡើងកាន់តំណែង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពីពួកលាលែងឈប់គឺក្រុមហ៊ុន នឹង ប្រគល់កិច្ចការងារទាំងពីរខាងលើនេះឱ្យទៅមនុស្សបីនាក់ជាអ្នកបន្តដឹកនាំ ដោយក្នុងនោះមានប្រធានផ្នែកផលិតផល, ប្រធានផ្នែកប្រាក់ចំណូល និង អនុប្រធានផ្នែកវិស្វកម្ម ប៉ុន្តែមិនបានប្រាប់ពីមួលហេតុច្បាស់លាស់ទាក់ទងនឹងការលាលែងពីតំណែងរបស់ លោក Michael Montano និងលោក Dantley Davis ឡើយ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Twitter ក៏បានប្រកាសឱ្យដឹងផងដែរថា លោក Lindsey Iannucci ប្រធានផ្នែកប្រតិបត្តិការ និង យុទ្ធសាស្ត្រ នឹងត្រូវតែងតាំងជាប្រធានគ្រប់គ្រងបុគ្គលិក។
គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍នេះលោក Jack Dorsey សហស្ថាបនិកបណ្ដាញសង្គម Twitter បានលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ជាផ្លូវការ និងបានប្រគល់តំណែងទៅឱ្យលោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យា (CTO) កាន់កាប់បន្ត៕