(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេបំផុត នៅប្រទេសកម្ពុជា បាននិងកំពុងបន្តខិតខំអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីៗ និងទំនើបៗឥតឈប់ឈរ ដើម្បីបម្រើសេវាជួនដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀត ក្នុងការប្រកបមុខរបរក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

ធនាគារបានអភិវឌ្ឍនូវមុខងារសំខាន់ៗ របស់អេស៊ីលីដា ម៉ូបាល និងបានពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធ កាន់តែទូលាយ ដោយបានពង្រាយស្វ័យប្រវត្តិធនាគាររាប់រយកន្លែង នៅទូទាំងប្រទេស ដើម្បីបង្ខិតសេវាកាន់តែជិតដល់អតិថិជន ងាយស្រួលក្នុងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ ឬទៅកាន់ធនាគារផ្ទាល់ឡើយ។

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរ ក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។

លោកស្រីបានបន្តថាធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូ ដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូន ដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។

លោកស្រីនាយិកាបានបន្តថា អតិថិជនអាចអញ្ជើញទៅដក ដាក់ប្រាក់បើកគណនីធនាគារឬធ្វើវិនិយោគជាមួយធនគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ២៤ម៉ោងលើ២៤ម៉ោងដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា បានដាក់ពង្រាយម៉ាស៊ីនស្វ័យប្រវត្តិ មានបច្ចេកវិទ្យាទំនើបបំផុតដ៏ច្រើនេះ គឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសផងដែរ៕