(ក្រុងប៉ាណាម៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា និងប៉េរូ នឹងជួបប្រកួតជាមួយគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិ នៅខែមករា ឆ្នាំ២០២២ ខាងមុខ ស្របពេលដែលក្រុមទាំងពីរ ត្រៀមក្នុងការបន្តចាប់ផ្តើមឡើងវិញនូវយុទ្ធនាការប្រកួតជម្រុះ 2022 FIFA World Cup របស់ពួកគេ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករា នាឯពហុកីឡដ្ឋាន Estadio Nacional ស្ថិតនៅរដ្ឋធានី Lima របស់ប៉េរូ។ បើយោងតាមសេចក្តីថ្លែងការណ៍មួយ បានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់ប៉ាណាម៉ា។

ប៉ាណាម៉ា ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៤ ក្នុងតារាងប្រកួតជម្រុះ World Cup ប្រចាំតំបន់ CONCACAF នោះ នឹងត្រូវជួបក្រុមកូស្តារីកា នៅថ្ងៃទី២៧ ខែមករា មុនប៉ះក្រុមហ្សាម៉ាអ៊ីក នៅថ្ងៃទី៣០ ខែមករា និងម៊ិកស៊ិក នៅថ្ងៃទី០២ ខែកុម្ភៈ។

ដោយឡែក ប៉េរូ ដែលកំពុងឈរនៅលំដាប់ទី៥ ក្នុងការប្រកួតជម្រុះប្រចាំតំបន់ CONMEBOL ប្រចាំតំបន់អាមេរិកខាងត្បូងនោះ នឹងជួបកូឡុំប៊ីនៅថ្ងៃទី២៧ ខែមករា និងក្រុមអេក្វាឌ័រ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

គួររំលឹកថា ប៉ាណាម៉ា និងប៉េរូ មិនធ្លាប់បានប្រកួតជាមួយគ្នានោះទេចាប់តាំងពីការប្រកួតមិត្តភាពនាខែសីហា ឆ្នាំ២០១៤ មក៕