(ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឱ្យមានមោទនភាព ដែល KHQR Code របស់ធនាគារអេស៊ីលីដា អាចធ្វើការទូទាត់បានយ៉ាងទូលំទូលាយ នៅបណ្តាប្រទេសនានា។

ថ្មីៗនេះលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងពេលដែលលោកស្រីបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃ លោកស្រីបានសរសើរ ចំពោះ KHQR Code របស់ធនាគាអេស៊ីលីដា ដែលអាចធ្វើការទូទាត់បានយ៉ាងទូលំទូលាយនៅប្រទេសថៃ។

លោកស្រី ជា សិរី បានសរសេរសរសើរ នៅលើបណ្តាយសង្គមហ្វេសប៊ុកផ្លូវការ របស់លោកស្រីថា «ទីបំផុតបានសាកចាយលុយដោយប្រើ QR កូដ នៅប្រទេសថៃ ដោយប្រើ App ធនាគារ ACLEDA ។ បច្ចុប្បន្ន មានតែអ្នកប្រើ App ACLEDA ទេដែលអាចចាយបានជាមួយអ្នកលក់ ដែលប្រើធនាគារ SCB ថៃ»

លោកស្រីបានសរសេរបន្តទៀតថា «ឆ្នាំក្រោយ នាពេលគ្រឹះស្ថានធនាគារ ទាំង២ប្រទេស ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធព័ត៌មានវិទ្យារួច រាល់អ្នកប្រើប្រាស់ App ធនាគារនៅស្រុកខ្មែរនឹងអាចចាយតាមគ្រប់អ្នកលក់ ដែលប្រើធនាគារក្នុងស្រុកថៃ។ អគុណចំពោះការគាំទ្ររបស់ធនាគារកណ្តាលថៃ»

ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយ ក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។

យោងតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា តាមរយៈការស្កែត KHQR Code នេះ ជាមួយនឹងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែធ្វើការទូទាត់ បាននូវទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កែន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កែនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។

លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយៈ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កែនបាននៅប្រទេសថៃ គឺយើងអាចស្កែនទៅវិញទៅមកបាន និងចាយជាលុយរៀល និងមួយទៀត គឺយើងអាចស្កែនបានជាមួយ Visa QR និង Master QR ជាលក្ខណះអន្តរជាតិតែម្តង។ អញ្ចឹងមានតែអេស៊ីលីដាម៉ូបាលមួយ គឺគ្រប់គ្រាន់ក្នុងការធ្វើដំណើរជុំវិញសកលលោកដោយរីករាយ»

សម្រាប់អតិថិជននៅធនាគារ ឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕