(ភ្នំពេញ)៖ នៅក្នុងសំណុំរឿងលែងលះ ក្រៅពីការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធ ប្រសិនបើប្តីប្រពន្ធដែលជាគូភាគីវិវាទនោះមាន កូនជាអនីតិជន (កូនមានអាយុក្រោម១៨ឆ្នាំ) ហើយតុលាការបានកំណត់អ្នកមានអំណាចមេបា គឺជាម្តាយ ជាអាទិ៍ ឪពុកដែលគ្មានអំណាចមេបា ក្រោយការលែងលះ មានសិទ្ធិទទួលព័ត៌មានអំពីស្ថានភាពកូនជាអនីតិជនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្តាយ តាមរយៈឪពុកនោះស្នើសុំទៅតុលាការ ឬទោះបីជាគ្មានការស្នើសុំក៏ដោយ ក៏តុលាការត្រូវសម្រេចអំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូននោះផងដែរ បើឪពុកម្តាយដែលបានលែងលះនោះ មិនអាចពិភាក្សាគ្នាអំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូនបានដោយវិជ្ជមាន។ តើតុលាការអាចកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយវិធីណា?

ដើម្បីឱ្យយល់កាន់តែច្បាស់ អំពីការកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយតុលាការ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី ការកំណត់របៀបរាយការណ៍អំពីស្ថានភាពកូនដោយតុលាការ មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

នៅក្នុងករណីខាងលើ ឪពុកដែលគ្មានអំណាចមេបា អាចស្នើសុំទៅតុលាការដោយកំណត់អំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូន ប៉ុន្តែការស្នើសុំរបស់ឪពុកនោះមិនតម្រូវថាតុលាការត្រូវពិចារណានោះទេ អ្វីដែលតុលាការត្រូវធ្វើការពិចារណាអំពីរបៀបនៃការរាយការណ៍អំពីស្ថានភាពកូន គឺជាខ្លឹមសារ មានលក្ខណៈជាការឱ្យម្តាយដែលជាអ្នកមានអំណាចមេបា ធ្វើសកម្មភាពជាកំណត់មួយ ក្នុងគោលដៅឱ្យឪពុកដែលគ្មានអំណាចមេបា អាចទទួលបានសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពកូន បើមានការប្រឆាំង ឬមិនសហការពីម្តាយ។

ជាទូទៅ បុគ្គលដែលគ្មានអំណាចមេបា គឺពិបាកទទួលការសហការពីបុគ្គលដែលមានអំណាចមេបា ពេលចង់បានព័ត៌មានអំពីស្ថានភាពកូនជាក់ស្តែង ហេតុនេះសេចក្តីសម្រេចរបស់តុលាការ ទី១ ត្រូវមានភាពបត់បែន ទី២ មានខ្លឹមសារជាអាជ្ញាបញ្ជា ដូចជា បង្គាប់ឱ្យម្តាយប្រគល់របាយការណ៍ស្តីពីស្ថានភាពកូនឱ្យឪពុក ដើម្បីនៅពេលម្តាយមិនធ្វើ គឺអាចអនុវត្តដោយបង្ខំ និងទី៣ គិតពីប្រយោជន៍របស់កូន។

ផ្អែកលើមូលដ្ឋានទាំងនេះ សេចក្តីសម្រេចបញ្ចប់ករណីការប្រាស្រ័យទាក់ទងកូន អាចមានខ្លឹមសារថា បង្គាប់បញ្ជា តាមវិធី ដូចខាងក្រោម៖

* ទី១.ចំនួនដង៖ រាយការណ៍មួយខែមួយដង នៅរៀងរាល់ចុងខែនីមួយៗ ដោយភ្ជាប់របាយការណ៍ជាលាយលក្ខណ៍អក្សរ
* ទី២.វិធីប្រគល់៖ ម្តាយត្រូវប្រគល់របាយការណ៍អំពីស្ថានភាពកូនឱ្យឪពុក នៅទីកន្លែងប្រគល់, ទីកន្លែងប្រគល់ អាស្រ័យលើការពិភាក្សា បើមិនអាចពិភាក្សា គឺទីកន្លែងប្រគល់ដែលនៅជិតកន្លែងកូនស្នាក់នៅ
* ទី៣.របៀបជំនួស៖ ក្នុងករណីមិនអាចអនុវត្តតាមការកំណត់ខាងលើនេះទេ ដូចជា ឪពុកឈឺ ឬម្តាយឈឺ ឬជាប់រវល់ ជាអាទិ៍ គូភាគីត្រូវកំណត់ផ្សេងតាមការពិភាក្សា បើមិនអាចពិភាក្សាគ្នា ត្រូវផ្ញើរបាយការណ៍អំពីស្ថានភាពកូនឪពុកតាមរយៈ Messenger ឈ្មោះ #DAD# ជាអាទិ៍។

ប្រសិនបើខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់មិនមានលក្ខណៈបង្គាប់បញ្ជា នៅពេលអ្នកមានអំណាចមេបា មិនសហការជាមួយនឹងអ្នកគ្មានអំណាចមេបា ក្រោយពេលបណ្តឹងបានចប់ និងចូលជាស្ថាពរ នឹងបង្កការលំបាកដល់អ្នកគ្មានអំណាចមេបា ក្នុងការទទួលបានព័ត៌មានអំពីស្ថានភាពកូន នាំឱ្យសិទ្ធិនេះ មិនអាចអនុវត្តជាក់ស្តែង ធ្វើឱ្យគោលបំណងនៃបណ្តឹងដែលថាបញ្ចប់វិវាទដោយសេចក្តីសម្រេចរបស់តុលាការ ជាអាទិ៍ មិនអាចកើតមានឡើងជាក់ស្តែង ហេតុនេះ មានភាពចាំបាច់ត្រូវស្វែងយល់អំពីវិធីនៃការរាយការណ៍អំពីស្ថានភាពកូន មិនមែនបញ្ជាក់ឡើងវិញនៃលក្ខណៈសារធាតុនៃសិទ្ធិនោះទេ ពីព្រោះសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពរបស់កូន ច្បាប់ទទួលស្គាល់រួចទៅហើយ ដូចមានកំណត់នៅក្នុងមាត្រា ១០៤១ នៃក្រមរដ្ឋប្បវេណី ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺសម្រេចយ៉ាងណាឱ្យលក្ខណៈសារធាតុនៃសិទ្ធិនោះអាចអនុវត្តជាសត្យានុម័ត ប្រសិនបើគ្មានការសហការពីអ្នកមានអំណាចមេបា៕

រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់