(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីគ្រឹះស្ថានបឋមភូមិ ឆ្នាំ២០២១ ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា នៅក្លិបកីឡាវាយសី ភ្នំពេញ ស្ថិតនៅអាគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតមួយព្រឹកពេញ នៅថ្ងៃទី០៥ ខែធ្នូនេះ ។ កម្មវិធីនេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធ និងលោកជំទាវ តិមា វិច្ឆិកា អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ។

banner

លោកឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលមានការចូលរួមពីកីឡាករ-កីឡាការិនី ជាសិស្សានុសិស្ស សបញ្ជាក់ឲ្យឃើញការរីកចម្រើនមួយកម្រិតទៀត នៃវិស័យកីឡាវាយសីកម្ពុជា ក្នុងបរិបទកូវីដ-១៩ ។ ក្នុងនាមប្រធានសហព័ន្ធ លោកបានជំរុញ និងលើកទឹកចិត្ត ទាំងកីឡាករ-កីឡាការិនីជ័យលាភី និងពុំទទួលបានមេដាយ បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករ-កីឡាការិនីមានគុណផលខ្ពស់ និងឈានទៅប្រកួតស្មើមុខមាត់លើឆាកអន្ដរជាតិ ។

ទន្ទឹមជាមួយគ្នាលោកជំទាវ តិមា វិច្ឆិកា បានបង្ហាញការគាំទ្រ ចំពោះការរៀបចំកម្មវិធីនេះ ដ្បិតថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានីភ្នំពេញ ក៏បានផ្ដោតការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។ ដូច្នេះក្រោយចប់ការប្រកួតនេះ លោកជំទាវបានលើកទឹកចិត្តកីឡាករ-កីឡាការិនី ឬសិស្សានុសិស្ស ដែលចង់លេងកីឡានេះ អាចទាក់ទងក្លិបកីឡាវាយសីភ្នំពេញ ស្ថិតនៅអាគាខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ដើម្បីហ្វឹកហាត់ដោយឥតគិតថ្លៃទៀតផង ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ ការប្រកួតកីឡាវាយសីគ្រឹះស្ថានបឋមភូមិនេះ មានកីឡាករ-កីឡាការិនីជាសិស្សានុសិស្សចំនួន ៤០នាក់ មកពីវិទ្យាល័យព្រែកលៀប, វិទ្យាល័យជាស៊ីមជ្រោយចង្វា, វិទ្យាល័យឬស្សីកែវ និងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងកីឡាករ-កីឡាការិនី នៃក្លិបកីឡាវាយីភ្នំពេញ ២៤នាក់ ដែលធ្វើការប្រកួតលើ ៤វិញ្ញាសាធំៗ ។ លោករំពឹងថា ការប្រកួតនេះ នឹងចូលរួមបំផុសសកម្មភាពលេងកីឡាកាន់តែច្រើន ពិសេសកីឡាវាយសី ដើម្បីរួមចំណែកយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ចំពោះលទ្ធផលការប្រកួតរួមមាន៖ វិញ្ញាសាវាយគូបុរស លេខ១ កីឡាករ ទិត្យ ប៊ុនឆាយ និង កែវ ចិន, លេខ២ កីឡាករ ស៊ុន រតនៈ និង លី គីមសេង និងលេខ៣ កីឡាករ ឈាង ម៉េងគាង និង អោក រដ្ឋា ។ វិញ្ញាសាវាយទោលបុរស លេខ១ កីឡាករ ជា សំណាង, លេខ២ កីឡាករ ខូវ សេងហាក់ និងលេខ៣ កីឡាករ សឿង គឹមតុង ។ វិញ្ញាសាវាគូចម្រុះ លេខ១ កីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាការិនី ទេព សុខសុភា, លេខ២ កីឡាករ វ៉ាត់ វណ្ណធន់ និងកីឡាការិនី សុខ សុម៉ាលី និងលេខ៣ កីឡាករ ឡាវ ជា និងកីឡាការិនី ភន់ ចិត្ដា ។

រីឯលទ្ធផលគូប្រកួតកិត្តិយសវិញ រួមមានវិញ្ញាសាវាយគូបុរស កីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាករ វ៉ាន់ សៅមុន្នី ដណ្ដើមបានលេខ១ ខណៈកីឡាករ វ៉ាត វណ្ណធន់ និងកីឡាករ ឡាវ ជា ទទួលបានលេខ២ ។ វិញ្ញាសាវាយគូចម្រុះ កីឡាករ អ៊ុយ វុទ្ធី និងកីឡាការិនី កុសល សុវណ្ណមរកត ទទួលបានលេខ១ ខណៈលេខ២ បានទៅកីឡាករ លី គីមសេង និងកីឡាការិនី ទេព សុខសុភា៕