(ភ្នំពេញ)៖ សម្រាប់ស្រី្តគ្រប់រូបជំងឺមហារីក ដែលប្រឈមខ្ពស់នោះ គឺមហារីកសុដន់នេះឯង ហើយរោគសញ្ញារបស់វាមួយចំនួន យើងមិនសូវជាដឹង ឬចាប់អារម្មណ៍ ទៅលើវាប៉ុន្មានទេ ហើយមកទល់ពេលនេះយើងឃើញថា មិនទាន់មានវ៉ាក់សាំងការពារជំងឺមហារីកសុដន់នៅឡើយទេ មានតែរកឱ្យឃើញមហារីកសុដន់ នៅដំណាក់កាលដំបូងៗ ទើបអាចព្យាបាលបានទាន់ពេល។

banner

ដើម្បីចូលរួមផ្សព្វផ្សាយការយល់ដឹងនៃជំងឺមហារីកសុដន់ ដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Japan & Cambodia Medical Center ប្រចាំនៅកម្ពុជា បានប្រារព្ធកម្មវិធីផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness) តាមរយៈការរៀបចំកម្មវិធី Think Breast ក្រោមប្រធានបទ៖ «ការយល់ដឹងពីកន្លឹះជោគជ័យ ក្នុងការការពារជំងឺមហារីកសុដន់» ដែលជាយុទ្ធនាការសុខភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែម អំពីជំងឺមហារីកសុដន់។

កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារ (Rosewood) ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។

កម្មវិធីនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលក្រុមហ៊ុន Japan & Cambodia Medical Center ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ការយល់ដឹងឱ្យកាន់តែទូលំទូលាយពីជំងឺមហារីកសុដន់ វិធានការក្នុងការកាពារព្យាបាលពីជំងឺ និងជាពិសេសលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដ៏ធ្ងន់ធ្ងរនេះ ទៅដល់ប្រជាជនកម្ពុជាទាំងស្ត្រី និងបុរស។

យើងឃើញថា ទោះបីជាជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវចំពោះស្ត្រី នៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែអត្រានៃការរស់រានមានជីវិតកើនឡើងក៏នៅតែខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលាតាមរយៈការពិនិត្យសុដន់។

នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Japan & Cambodia Medical Center នឹងបង្កើនការយល់ដឹងអំពីយុទ្ធនាការ ដោយបានធ្វើការរៀបចំឡើងនូវកិច្ចពិភាក្សា និងការធ្វើបទបង្ហាញនានា អំពីការកាពារក៏ដូចជាការព្យាបាលជម្ងឺមហារីកសុដន់ទាន់ពេលវេលា ដោយវេជ្ជបណ្ឌិត រ៉ាវុឌ្ឃ សោភារចនា វេជ្ជបណ្ឌិត Shoichi Tomita លោកវេជ្ជបណ្ឌិត Yoshiki Morikami ជានយកក្រុមហ៊ុន J&C លោកស្រី Emi Tsuchiya ជាអគ្គនយិកាក្រុមហ៊ុន J&C ព្រមទាំងគ្រូពេទ្យជំនាញឯកទេសផ្នែកសុខភាពស្ត្រីជាច្រើនរូប។

យើងក៏បានឃើញថាកម្មវិធីនេះ មានការចូលរួមពីបណ្តាសមាគមន៌មួយចំនួនផងដែរ នៅក្នុងប្រទេសកម្ពុជាដូចជា៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សមាគមសហគ្រិនស្តី្រកម្ពុជា BNI កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ លើសពីនេះទៅទៀត យើងក៏មានការផលិត និងដាក់ផ្សាយនូវវីដេអូអប់រំនានាទាំងក្នុង និងក្រៅបណ្តាញសង្គម ដើម្បីជួយអប់រំដល់សាធារណជនជាពិសេសនោះគឺស្ត្រីផ្ទាល់តែម្តងពីជំងឺមហារីកសុដន់ ក៏ដូចជាវិធានការក្នុងការកាពារព្យាបាលពីជំងឺដ៏ធ្ងន់ធ្ងរមួយនេះផងដែរ។

ក្រោមចក្ខុវិស័យដ៏មុតមាំរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាពល្អ និងជីវិតកាន់តែប្រសើរ ក្រុមហ៊ុន Japan & Cambodia Medical Center ប្រចាំនៅកម្ពុជា ដែលមានលោកវេជ្ជបណ្ឌិត Yoshiki Morikami ជានយកក្រុមហ៊ុន J&C Medical Center និងលោកស្រី Emi Tsuchiya ជាអគ្គនយិកាក្រុមហ៊ុន បានធ្វើការសហការគ្នាយ៉ាងខ្លំាងខ្លាជាមួយនឹងវិស័យសុខាភិបាល មន្ទីពេទ្យក៏ដូចជារដ្ឋាភិបាលកម្ពុជាទាំងមូល អស់រយៈពេលប្រមាណជាង១០ឆ្នាំ ដើម្បីអប់រំពង្រឹងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់នេះ។

កម្មវិធី «ការយល់ដឹងពីកន្លឹះជោគជ័យក្នុងការការពារជំងឺមហារីកសុដន់» គឺជាពេលវេលាដ៏ល្អ ក្នុងការរំឭកឱ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងគ្រប់គ្នាធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ ក៏ដូចជាធានាឱ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្តរបស់យើងផងដែរ។

ដោយយល់ឃើញថា មនុស្សគ្រប់រូបស័ក្តិសម នឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្រ្ត ដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបាន ក្រុមហ៊ុន Japan & Cambodia Medical Center នឹងអនុវត្តវិធីសាស្ត្រគ្រប់បែបយ៉ាងក្នុងការផ្តល់ជូននូវប្រជាជនកម្ពុជា ជាពិសេសចំពោះស្ត្រីនូវសេវាកម្មថែទាំសុខភាពខ្ពស់ និងសុខុមាលភាពបែបវេជ្ជសាស្ត្រប្រកបដោយភាពច្បាស់លាស់ត្រឹមត្រូវ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ [email protected] / www.JC-Medical.jp (http://www.jc-medical.jp/) ឬ ទំនាក់ទំនងមកកាន់លេខ៖ 023 900 920៕