(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក M3 World Championship ឆ្នាំ២០២១ ដែលមានក្រុមខ្លាំងៗជុំវិញពិភពលោកចំនួន ១៦ក្រុមចូលរួម នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៦ ខែធ្នូស្អែកនេះហើយ នៅប្រទេសសិង្ហបុរី ក្នុងនោះក៏មានក្រុមតំណាងកម្ពុជា See You Soon ផងដែរ ដែលទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងច្រើនពីបុគ្គលល្បីៗនៅកម្ពុជា ដូចជាកីឡាករបាល់ទាត់ដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ជាដើម ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញការចាប់អារម្មណ៍ និងលើកទឹកចិត្តដល់ក្រុមកីឡាអេឡិចត្រូនិក See You Soon នៅក្នុងការប្រកួតជើងឯកពិភពលោកខាងលើថា «កុំភ្លេចថា សំណាងមិនអាចយកឈ្នះការខំប្រឹងប្រែងបានទេ។ សង្ឃឹមថា អ្នកទាំងអស់គ្នាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះឲ្យកម្ពុជា» ។

ដោយឡែកខ្សែបម្រើ-ការពារកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានសម្ដែងការសប្បាយចិត្ត ដែលវិស័យកីឡាកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អន្ដរជាតិ ក៏ដូចជាពិភពលោកជាបន្ដបន្ទាប់ ជាក់ស្ដែងក្រុមអេឡិចត្រូនិកកម្ពុជា ដែលត្រៀមការប្រកួតជើងឯកពិភពលោកស្អែកនេះ ។ សមាជិកក្រុមវិសាខារូបនេះ និយាយថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញក្រុមកម្ពុជា មានឱកាសចូលរួមប្រកួតលំដាប់ថ្នាក់ពិភពលោក។ ខ្ញុំសូមជូនពរកីឡាករ Mobile Legends ឲ្យពួកគាត់ធ្វើបានល្អ និងយកជ័យជម្នះសម្រាប់កម្ពុជា»។

សូមបញ្ជាក់ថា ក្រុមខ្លាំងៗទាំង ១៦ក្រុម ដែលត្រៀមបើកយុទ្ធនាការប្រកួតជើងឯកពិភពលោកស្អែកនេះ រួមមានក្រុម BEDEL (តួកគី), BLACKLIST International (ហ្វីលីពីន), BTK (អាមេរិកខាងជើង), EVOS SG (សិង្ហបុរី), GX SQUAD (តំណាងមជ្ឈិមបូព៌ា), KEYD STARS (ប្រេស៊ីល), MALVINAS GAMING (អាមេរិកឡាទីន), NATUS VINCIRE (ក្រុមតំណាងតំបន់ CIS), ONIC ESPORT (ឥណ្ឌូណេស៊ី), ONIC PH (ហ្វីលីពីន), RED CANIDS (ប្រេស៊ីល), RRQ HOSHI (ឥណ្ឌូណេស៊ី), RSG SG (សិង្ហបុរី), TEAM MSG (ម៉ាឡេស៊ី), TODAK (ម៉ាឡេស៊ី) និងក្រុម See You Soon (កម្ពុជា) ។

ក្រុមខ្លាំងៗទាំងអស់ នឹងត្រូវបែងចែកជា ៤ពូល ដែលក្នុងមួយពូលមាន ៤ក្រុមសម្រាប់ធ្វើការប្រកួតវគ្គសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ ឆ្ពោះទៅប្រជែងជើងឯក M3 World Championship 2021 ដែលមានប្រាក់រង្វាន់សរុបយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៨ម៉ឺនដុល្លារ ។ នេះគឺជាលើកដំបូងហើយ ដែលកម្ពុជា មានក្រុមកីឡាអេឡិចត្រូនិក ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។

បន្ថែមលើការគាំទ្រ និងលើកទឹកចិត្តពីសំណាក់តារាបាល់ទាត់ឆ្នើមៗកម្ពុជា គេឃើញក៏មានការគាំទ្រពីតារាចម្រៀងល្បីៗ ដូចជា ចិត្ត កញ្ចនា 4T5 ជី ដេវីត និងបុគ្គលល្បីៗ នៅក្នុងវិស័យផ្សេងៗទៀត បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ ហើយបាននិពន្ធបទចម្រៀងចំណងជើង "អាណាចក្រអ្នកចម្បាំង Kingdom of Warriors" ដើម្បីលើកទឹកចិត្តក្រុម See You Soon ទៀតផង៕