(មេនឆេស្ទើ)៖ Manchester United លេងមិនចាញ់ឡើយ ក្រោយពីប្រកាសចែកផ្លូវជាមួយអតីតអ្នកចាត់ការទូទៅចាស់ លោក Ole Gunnar Solskjaer នៅពេលយកឈ្នះគូប្រជែង Crystal Palace យប់មិញទៀតជាកំណត់ត្រាលេងបាន ៤ប្រកួតមិនចាញ់ឡើយ។

ខ្សែបម្រើប្រេស៊ីល Fred ជាអ្នកបញ្ចប់ទីបានយ៉ាងល្អនៅនាទី៧៧ ពីការបញ្ជូនរបស់ Mason Greenwood ដើម្បីឆក់យក ៣ពិន្ទុនៅទឹកដី Old Trafford ជាលើកទី២ ក្រោយយកឈ្នះ Arsenal ៣-២ ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍នៃយុទ្ធនាការលីគកំពូលអង់គ្លេស Premier League។

តែយ៉ាងណា វាបានក្លាយជាជ័យជម្នះពី ១ប្រកួតដំបូងក្នុងផ្ទះរបស់លោក Ralf Rangnick ដែលត្រូវបានបិសាចក្រហមតែងតាំងឲ្យដឹកនាំរហូតដល់ចប់រដូវកាលនេះ ជំនួសកៅអីលោក Ole នៅពេល Michael Carrick ក៏ដឹកនាំបាន ៣ប្រកួតផងដែរដោយឈ្នះ១ ស្មើ១ នៅ Premier League និងឈ្នះ Villarreal ២-០ ក្នុង UEFA Champions League។

៣ពិន្ទុបន្ថែមនេះដែរបានធ្វើឲ្យ Man Utd ឡើងទៅឈរនៅលេខរៀងទី៦ ជាបណ្តោះអាសន្នដោយមាន ២៤ពិន្ទុ តាមពីក្រោយក្រុមលេខ៥ Tottenham Hotspur ១ពិន្ទុនៅពេលពួកគេបំបាក់ Norwich City ៣-០ នៅយប់មិញនេះដែរ គ្រាដែល Crystal Palace ឈរនៅលេខ១៣ ជាមួយនឹង ១៦ពិន្ទុ គិតត្រឹមសប្តាហ៍ទី១៥ ជើងទី១៕