(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌល FWD Digital Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីមួយ សម្រាប់ក្រុមការងារផ្នែកលក់របស់ខ្លួន និងកម្មវិធី E-Gen Kid ដែលជាកម្មវិធីផ្សារភ្ជាប់ជាមួយអតិថិជន ដែលផ្ដល់ជូននូវវគ្គជំនាញ និងលែ្បងកម្សាន្តសម្រាប់កុមារ ព្រមទាំងក្រុមគ្រួសាររបស់អតិថិជនផងដែរ។

FWD Digital Academy ផ្តោតសំខាន់លើការបណ្ដុះបណ្ដាលក្រុមការងារផ្នែកលក់ពីចំណេះដឹងក្នុងការប្រឹក្សាពីផែនការហិរញ្ញវត្ថុ និងការអនុវត្តជាក់ស្តែងក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ រាល់ខ្លឹមសារ ដែលមានក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនឹងជួយឲ្យក្រុមការងារផ្នែកលក់ទាំងអស់ យល់ច្បាស់ពីផលិតផលថ្មីៗរបស់ក្រុមហ៊ុន កាលវិភាគនៃវគ្គបណ្តុះបណ្តាល និងបច្ចេកទេសប្រឹក្សាយោបល់ ដែលនឹងធ្វើឱ្យពួកគាត់យល់កាន់តែច្បាស់អំពីទីផ្សារ និងផ្ដល់សេវាកម្មកាន់តែប្រសើរជូនដល់អតិថិជន។

FWD Digital Academy និងកម្មវិធីសម្រាប់បណ្តុះបណ្តាលទាំងអស់ត្រូវបានអនុញ្ញាត និងទទួលស្គាល់ពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC)។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន FWD Cambodia បានផ្ដល់បន្ថែមនូវវគ្គបណ្ដុះបណ្ដាលអំពីភាពជាអ្នកដឹកនាំដែលមានឈ្មោះថា «ភាពជាអ្នកដឹកនាំប្រកបដោយចីរភាពក្នុងសម័យឌីជីថល» ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានផ្ដល់ជូនសម្រាប់តែអតិថិជនរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

E-Gen Kid គឺជាផ្នែកមួយនៃកម្មវិធីផ្សារភ្ជាប់ជាមួយអតិថិជនរបស់ក្រុមហ៊ុន FWD Cambodia។ កម្មវិធីនេះ ផ្ដល់ជូននូវសកម្មភាពអប់រំបែបកម្សាន្តដ៏សម្បូរបែប សម្រាប់បុត្រធីតារបស់អតិថិជន។ កម្មវិធីទាំងនេះរួមមានបច្ចេកវិទ្យាសម្រាប់កុមារ ភាពរីករាយជាមួយការច្នៃប្រឌិត កម្មវិធីសម្រាប់គ្រួសារ ហ្គេម Kahoot ការនិទានរឿង និងការរៀនធ្វើម្ហូបជាដើម។ រាល់អតិថិជនរបស់ក្រុមហ៊ុន FWD Cambodia ទាំងអស់អាចចុះឈ្មោះសម្រាប់កូនៗបាន។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានថ្លែង៖ «គំនិតផ្តួចផ្តើមថ្មីទាំងនេះ ស្តែងពីការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការវិនិយោគលើការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ក្រុមការងារផ្នែកប្រឹក្សាយោបល់ និងសេវាកម្មតាមរយៈបច្ចេកវិទ្យា ដើម្បីឲ្យយើងអាចផ្ដល់បទពិសោធន៍ថ្មីដល់អតិថិជនលើវិស័យធានារ៉ាប់រង។ កិច្ចការរបស់យើងបន្ទាប់គឺបន្តផ្ដល់ជូននូវភាពរីករាយ និងកម្មវិធីថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់អតិថិជន និងក្រុមការងាររបស់យើងតាមរយៈការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងភាពជាដៃគូជាមួយស្ថាប័នជាច្រើនទាំងក្នុងប្រទេស និងអន្តរជាតិ»

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh