(លីវើភូល)៖ ក្រុមបាល់ទាត់ស្ករគ្រាប់ Everton រកបាន ៣ពិន្ទុពីការប្រកួតក្នុងលីគ ៩ប្រកួតចុងក្រោយនេះ នៅពេលយកឈ្នះ Arsenal ២-១ នៅនាទីចុងម៉ោង ក្នុងកីឡដ្ឋាន Goodison Park នៅរាត្រីឆ្លងចូលថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Demarai Gray ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី ៩០+២ ដើម្បីជួយស្រោចស្រង់ស្ថានភាពរងសម្ពាធរបស់អ្នកចាត់ការទូទៅ លោក Rafael Benitez នៅក្រោយពេល Richarlison រកបានគ្រាប់តាមស្មើនៅនាទី៧៩។

ក្នុងជំនួបដ៏ស្វិតស្វាញនៅទីក្រុង Liverpool ប្រទេសអង់គ្លេសនោះ កីឡាករ Martin Odegaard ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Arsenal នៅចុងបញ្ចប់វគ្គទី១ ដែលជាគ្រាប់ទី៣ នារដូវកាលនេះរបស់គេផងដែរ កើតឡើងពីការបញ្ជូនរបស់ Kieran Tierney។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានធ្វើឲ្យ Everton ឡើងឈរលេខរៀងទី១២ ក្នុងតារាង Premier League ជាបណ្តោះអាសន្នគិតត្រឹម ១៥សប្តាហ៍មកនេះ នៅពីលើតំបន់កាត់ចោល ៨ពិន្ទុវិញ ដ្បិត Arsenal របស់លោក Mikel Arteta មាន ២៣ពិន្ទុឈរនៅលេខរៀងទី៧ និងជាការចាញ់ក្នុងលីគលើកទី២ ផងដែរ ក្រោយចាញ់ Man Utd ៣-២ នៅទឹកដី Old Trafford កាលសប្តាហ៍មុន៕