(ប៊ែកឡាំង)៖ ខ្សែបម្រើលេខ១ នៅអឺរ៉ុប Kevin de Bruyne មានឈ្មោះលេងជាថ្មីក្នុងក្រុម Manchester City ពេលប៉ះម្ចាស់ផ្ទះ RB Leipzig រាត្រីនេះបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A នៅយុទ្ធនាការពាន UEFA Champions League ក្រោយជាសះស្បើយពីបញ្ហាកូវីដ-១៩។

កីឡាករអន្តរជាតិប៊ែលហ្សិក de Bruyne បានអវត្តមាន ៤ប្រកួតពី City ដោយសារឆ្លងកូវីដ-១៩ នៅពេលត្រឡប់ពីលេងឲ្យជម្រើសជាតិវិញនាខែវិច្ឆិកា ឆ្នាំ២០២១ និងទើបតែបានចូលលេងក្នុងក្រុមវិញក្នុងនាមជាកីឡាករបម្រុងផងដែរ ពេលមេឃខៀវយកឈ្នះម្ចាស់ផ្ទះ Watford ៣-១ ក្នុង Premier League នាសប្តាហ៍មុន។

លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម City បានថ្លែងក្នុងសន្និសីទមុនជួប Leipzig ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «មនុស្សគ្រប់រូប តែងតែមានការឈឺចាប់ដោយសារកូវីដ-១៩ ក្រោយពេលពួកគេមានអារម្មណ៍ឯកោ។ បន្តិចម្តងៗ ពេលវេលារបស់គាត់ក៏បានមកដល់។ គាត់នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ»។

គួររំលឹកផងថា ក្រុមឈរកំពូលតារាងនៅ Premier League ខាងលើនេះ រក្សាបានកៅអីឡើងទៅលេងវគ្គ ១៦ក្រុមនៃ UCL ដូចទៅនឹង Paris Saint-Germain រួចរាល់ហើយ នៅពេលយកបាន ៣ពិន្ទុពីក្រុមបារាំង PSG ក្នុងលទ្ធផល ២-១ នាខែវិច្ឆិកាកន្លងទៅ៕