(ស្វាយរៀង)៖ គាំ រីបូន អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាទី ក្រុងបាវិត តំណាងលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារចុះជួយក្រុងបាវិត នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមគ្រូពេទ្យ សមាគមគ្រូពេទ្យខ្មែរ បារាំង និងសមាគម អេស អូអេស ខេមបូដីយេនគីដ្ស-វែរណុង ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង៣០០នាក់ នៅក្រុងបាវិត ដោយឥតគិតថ្លៃ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមពីលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងមន្ត្រីសាលាក្រុង រួមទាំងក្រុមគ្រូពេទ្យជាច្រើននាក់ ផងដែរ។

លោក គាំ រីបូន បានឱ្យដឹងថា ក្រុមគ្រូពេទ្យជាជនជាតិខ្មែរ បារាំង រស់នៅប្រទេសបារាំង បានស្ម័គ្រចិត្តមកចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងបាវិត ហើយក្នុងនោះដែរក៏បាននាំមកនូវសម្ភារៈមួយចំនួនមានដូចជា វ៉ែនតា រទេសរុញដល់ជនពិការ ហើយក្រៅពីការពិនិត្យនេះដែរ ក៏ជួយឧបត្ថម្ភទៅដល់អ្នកដែលមានជំងឺធ្ងន់ នូវថវិកាទៅតាមលទ្ធភាពរបស់ក្រុមការងារ ដើម្បីបញ្ជូនពួកគាត់ទៅព្យាបាលបន្តក្នុងករណីចាំបាច់ណាមួយ។ ក្រៅពីនេះក៏មានឧបត្ថម្ភសម្ភារថ្នាំពេទ្យ ព្រមទាំងឧបត្ថម្ភ សម្ភារសិក្សាដល់សិស្សានុសិស្សក្រីក្រ នៅតាមសាលារៀននៅក្រុងបាវិតចំនួន ៣០០ឃីតផងដែរ។

លោក គាំ រីបូន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្រុងបាវិត ដែលបានមកចូលរួមពិនិត្យជំងឺយ៉ាងច្រើន ហើយក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខ្មែរបារាំង សមាគម អេស អូ អេស ខេមបូដីយេនគីដ្ស-វែរណុង ដែលមានទឹកចិត្តចុះមកព្យាបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងបាវិតដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្មចុះពិនិត្យនិងព្យាបាលជំងឺបឋមដោយឥតគិតថ្លៃនេះ រួមមានសង្កាត់បាទី ១០០នាក់ សង្កាត់បាវិត ៥០នាក់ សង្កាត់ជ្រកម្ទេស៥០នាក់ សង្កាត់ព្រៃអង្គុញ ៥០នាក់ សង្កាត់ប្រាសាទ ៥០នាក់ ហើយការពិនិត្យព្យាបាលនេះដែរ ក៏មានផ្ដល់ជាថ្នាំ រួមទាំងវ៉ែនតា សម្រាប់មនុស្សដែលមានបញ្ហាភ្នែក មើលមិនសូវច្បាស់ ២០០វ៉ែនតា លើសពីនេះសមាគមក៏មានផ្ដល់ជារទេសរុញ និងឈើច្រត់សំរាប់ជនពិការក្នុងនោះមានរទេសរុញចំនួន៨ និងឈើច្រត់ចំនួន ១០ផងដែរ៕