(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធី «Miss Grand International» ឆ្នាំ២០២១ ត្រូវបានបញ្ចប់ទៅ បច្ចុប្បន្ននេះ មានបវរកញ្ញាតំណាងកម្ពុជាចំនួន២រូបផ្សេងទៀត កំពុងបំពេញបេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដើម្បីត្រៀមខ្លួនប្រកួតកម្មវិធី បវរកញ្ញាលំដាប់ពិភពលោក ដោយម្នាក់កំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល និងម្នាក់ទៀតកំពុងស្ថិតក្នុងប្រទេសព័រតូរីកូ។

banner

ទី១៖ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារីយ៉ា បច្ចុប្បន្នកំពុងស្ថិតក្នុងប្រទេសអ៉ីស្រាអែល ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» លើកទី៧០។ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេដឹងថា មិនត្រឹមតែជាតារាបង្ហាញម៉ូត ដែលមានរូបសម្រស់ស្រស់សោភានោះទេ ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ។ តារាស្រីរូបនេះ កំពុងតែមានសកម្មភាពជាមួយបវរកញ្ញាជាច្រើនរូបទៀត មកពីជុំវិញពិភពលោក នៃកម្មវិធី «Miss Universe» ខណៈក្នុងបេសកកម្មរបស់ខ្លួន បវរកញ្ញាកម្ពុជា ហាក់មានភាពលេចធ្លោរជាខ្លាំង ជាពិសេសជំនាញផ្នែកនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញតែម្តង។

ទី២៖ បវរកញ្ញាកម្ពុជាឆ្នាំ២០២១ កញ្ញា ភុំ សោភ័ណ្ឌបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសព័រតូរីកូ ដើម្បីចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៃកម្មវិធី «Miss Word» ២០២១។ ម្ចាស់ជយលាភីគ្រងមកុដ «Miss World Cambodia» ឆ្នាំ២០២០ កញ្ញា ភុំ សោភ័ណ្ឌ ត្រូវបានជ្រើសរើស ឲ្យក្លាយជាបវរកញ្ញាឯកតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ «Miss Word 2021» ដែលនឹងប្រារព្ធឡើងនៅឯប្រទេសព័រតូរីកូ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

គួរជម្រាបថា ជារៀងរាល់ឆ្នាំកម្ពុជាតែងតែបញ្ជូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតក្នុងកម្មវិធីប្រឡងប្រជែងសម្រស់និងសមត្ថភាពជាមួយបណ្តាបេក្ខនារីមកពីប្រទេសផ្សេងៗ លើឆាកអន្តរជាតិនានា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្បិតថាមានវិបត្តិកូវីដ-១៩ តែបវរកញ្ញាកម្ពុជានៅតែចេញទៅបំពេញបេសកកម្មរបស់ខ្លួន ដើម្បីនាំយកវប្បធម៌ អរិយធម៌ និងសិល្បៈក្បាច់គុននានា របស់កម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ៕