(ភ្នំពេញ)៖ ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ នឹងឈានមកដល់នាចុងសប្ដាហ៍នេះហើយ ពោលគឺចាប់ពីថ្ងៃទី១២-១៧ ខែធ្នូ ដោយមានអត្តពលិក ៤ប្រទេសចូលរួម ខណៈកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចប្រតិភូ អត្តពលិក និងភ្ញៀវជាតិ-អន្ដរជាតិ ដែលត្រៀមចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះ បានឲ្យដឹងថា ប្រតិភូ និងអត្តពលិក ដែលនឹងចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ សរុបមានចំនួន ៣៤នាក់មកពី ៤ប្រទេស រួមមានសិង្ហបុរី ថៃ ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលបដិសណ្ឋារកិច្ចប្រតិភូ អត្តពលិក ក៏ដូចជាជំនាញការ និងគណៈកម្មការអន្ដរជាតិ ដែលនឹងចូលរួមការប្រកួតនេះ ទាំងការស្នាក់នៅ ហូប-ចុក សន្ដិសុខសណ្ដាប់ធ្នាប់ និងការរៀបចំទីលានជាដើម ពោលគឺរង់ចាំតែថ្ងៃប្រកួតផ្លូវការប៉ុណ្ណោះ។ លោករំពឹងថា ព្រឹត្តិការណ៍នេះ នឹងដំណើរការដោយរលូន ដើម្បីបង្ហាញពីសក្ដានុពលវិស័យកីឡាជាតិផង និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៃខេត្តព្រះសីហនុផង។

លោកថា «ពួកយើងកំពុងទទួលស្វាគមន៍ប្រតិភូ និងអត្តពលិកអន្ដរជាតិ ក្រោមពាក្យស្លោក «យើងស្រលាញ់កីឡាទូកក្ដោង»។ ចឹងយើងត្រូវប្ដេជ្ញាចិត្តធ្វើការទទួលបដិសណ្ឋារកិច្ចភ្ញៀវឲ្យបានល្អបំផុត ដែលយើងអាចធ្វើបាន ហើយសង្ឃឹមថា ការប្រកួតអន្ដរជាតិនេះ នឹងទទួលបានជោគជ័យ និងបង្ហាញឲ្យឃើញពីវឌ្ឍនភាព ក៏ដូចជាការរីកចម្រើន អភិវឌ្ឍន៍ និងភាពទំនើប នៃក្រុងព្រះសីហនុរបស់យើង ហើយបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិថា ក្រុងព្រះសីហនុ បានបើកទទួលភ្ញៀវទេសចរយ៉ាងកក់ក្ដៅជាទីបំផុត»។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននៅកម្ពុជានេះ ត្រូវបានអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC ក្នុងអនុញ្ញាតឲ្យសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីសហការគ្នារៀបចំ បន្ទាប់ពីប្រភេទកីឡានេះ ពុំត្រូវបានដាក់ឲ្យប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដើម្បីជាការវាស់ស្ទង់ និងដកស្រង់បទពិសោធន៍ត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕