(បរទេស)៖ ថ្មីៗនេះសហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Twitter លោក Jack Dorsey បានប្រកាសលាលែងពីតំណែង និងបាន ប្រគល់ឱ្យលោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យា (CTO) ឡើងកាន់កាប់តំណែងបន្តភ្លាមៗតែម្ដង ដែលបានធ្វើឱ្យក្រុមអ្នកឃ្លាំមើល មាន ការចាប់អារម្មណ៍ភ្លាមៗផងដែរ ព្រោះថានាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់នាពេលបច្ចុប្បន្នគឺសុទ្ធតែជនជាតិឥណ្ឌា។

banner

ខាងក្រោមនេះគឺជា CEO ឬនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកទាំង ៥ ដែលជាជនជាតិឥណ្ឌា៖

១) លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google

លោក Pichai បានកើតនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៧២ (អាយុ ៤៩) នៅក្នុងតំបន់ Madras ប្រទេសឥណ្ឌា ដោយមានម្ដាយជាអ្នកសរសេរ និងបកប្រែសុន្ទរកថា ចំណែកឪពុកជាវិស្វករអគ្គីសនី។ CEO របស់ Google រូបនេះបានធំដឹងក្ដីឡើងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានមក បន្ត ការសិក្សានៅសកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិក និងបានចាប់ផ្ដើមការងារដំបូងក្នុងនាមជាវិស្វករ ហើយនៅក្នុងរយៈពេល ដ៏ខ្លីប៉ុណ្ណោះ គាត់ត្រូវបានគេដំឡើងតំណែងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន McKinsey & Co។

នៅឆ្នាំ ២០០៤ គាត់បានចាប់ផ្ដើមឈានជើងចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Google ដោយនៅពេលនោះគាត់គឺជាអ្នកដឹកនាំ និងគ្រប់គ្រង លើ ផលិតផលរបស់ Google ដូចជា Google Chrome, Chrome OS, Google Drive ហើយក្រោយមកទៀតត្រូវបាន Google ប្រគល់ភារកិច្ចឱ្យ ដឹកនាំបន្តទៅលើការងារ Gmail និង Google Maps និងជាចុងក្រោយនៅឆ្នាំ ២០១៣ គាត់ត្រូវបានកាន់ការងារធំមួយទៀតគឺ Android OS។

នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥ លោក Pichai ត្រូវបានក្រុមហ៊ុនជ្រើសរើសតាំងពីជានាយកប្រតិបត្តិក្រុមហ៊ុន Google ថ្មី បន្តតំណែងពីលោក Larry Page ដែលនឹងត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនធំរបស់ Google ហើយនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានប្រកាសតែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet។

២) លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានកើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ១៩៦៧ នៅក្នុងប្រទេសឥណ្ឌា (អាយុ ៥៤ឆ្នាំ) មានម្ដាយជាសាស្ត្រាចារ្យ និងឪពុកជាមន្ត្រីបម្រើការងារនៅក្នុងការិយាល័យសេវាកម្មរដ្ឋបាល។ Nadella បានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រនៅសកលវិទ្យាល័យ University of Wisconsin–Milwaukee សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៩០ បន្តបញ្ចប់ថ្នាក់អនុបណ្ឌិត (MBA) នៅសកលវិទ្យាល័យ University of Chicago Booth School of Business ឆ្នាំ១៩៩៧។

មុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុននាឆ្នាំ ១៩៩២ លោក Nadella បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Sun Microsystems ក្នុងតួនាទីជាបុគ្គលិកផ្នែកបច្ចេកវិទ្យា។ នៅក្នុងក្រុមហ៊ុន Microsoft លោក Nadella បានកាន់កាប់គម្រោងធំៗជាច្រើនដូចជា Cloud, R&D និងបានជួយរកចំណូលឱ្យក្រុមហ៊ុន Microsoft ចំនួន ២០,៣ពាន់លានដុល្លារពីសេវាកម្ម Cloud កាលពីឆ្នាំ ២០១៣ ហើយនៅឆ្នាំ ២០១៦ Microsoft បានផ្ដល់ប្រាក់ឈ្នួលចំនួន ៨៤,៥លានដុល្លារអាមេរិកដល់រូបលោក ដែលក្នុងនោះបូករួមទាំងប្រាក់ខែ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់ រង្វាន់ប្រចាំឆ្នាំ និងប្រាក់រង្វាន់ភាគហ៊ុន ដែលមានតម្លៃ ១៧,៦លានដុល្លារអាមេរិក។

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រុមហ៊ុន Microsoft បានតែងតាំងលោក Nadella ជានាយកប្រតិបត្តិថ្មី និងជានាយកប្រតិបត្តិទី៣ របស់ក្រុមហ៊ុន បន្ទាប់ពីលោក Steve Ballmer បានលាលែងពីតំណែងដោយសារតែរឿងអាស្រូវមួយចំនួន។

៣) លោក Arvind Krishna នាយកប្រតិបត្តិក្រុមហ៊ុនផលិតកុំព្យូទ័រ International Business Machines Corporation (IBM)

លោក Krishna បានកើតនៅឆ្នាំ ១៩៦២ ក្នុងតំបន់ឆ្នេរ Andhra នៃ Andhra Pradesh ប្រទេសឥណ្ឌា មានឪពុកឧត្តមសេនីយ និងម្ដាយ ជាគ្រូពេទ្យផ្នែកស្ត្រី។ ក្រោយពីទទួលបានសញ្ញាបត្រផ្នែកវិស្វកម្មអគ្គីសនីពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur ក្នុងឆ្នាំ១៩៨៥ លោក Krishna បានទៅបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វកម្មអគ្គីសនីនៅសកលវិទ្យាល័យ University of Illinois at Urbana–Champaign នាឆ្នាំ ១៩៩១ នៅសហរដ្ឋអាមេរិក។

នៅឆ្នាំ ១៩៩០ រូបលោក Krishna បានចាប់ផ្ដើមចូលបម្រើការងារនៅក្នុងក្រុមហ៊ុន IBM នៅផ្នែក Research និងបន្តការងារនោះរហូតដល់ឆ្នាំ ២០០៩ ទើបលោកបានទទួលតំណែងជាប្រធានគ្រប់គ្រងផ្នែកធំៗ និងសំខាន់ៗជាច្រើន ហើយនៅឆ្នាំ ២០១៥ លោកក៏ត្រូវបានជ្រើសតាំង ជា អនុប្រធានជាន់ខ្ពស់ផ្នែក Cloud របស់ IBM។

នៅក្នុងក្រុមហ៊ុន IBM លោក Krishna បានសាងស្នាដៃជាច្រើនហើយក៏ជាអ្នកបង្កើត និងពង្រីកទីផ្សារបច្ចេកវិទ្យា AI របស់ IBM ផងដែរ និងរហូតដល់ខែមករា ឆ្នាំ២០២០ លោកត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិថ្មី និងបានឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ព្រមទាំងត្រូវបាន IBM ប្រគល់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលឱ្យលោកនៅខែមករា ឆ្នាំ២០២១។

៤) លោក Shantanu Narayen នាយកប្រតិបត្តិក្រុមហ៊ុន Adobe

លោក Narayen បានកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៦៣ (អាយុ ៥៨ឆ្នាំ) នៅ Hyderabad ដែលជារដ្ឋធានី និងទីក្រុងធំបំផុតនៃរដ្ឋ Telangana នៃប្រទេសឥណ្ឌា និងមានម្តាយជាគ្រូបង្រៀនអក្សរសាស្ត្រអាមេរិក និងឪពុកជាម្ចាស់ក្រុមហ៊ុនផ្លាស្ទិក។ លោក Narayen បានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មអេឡិចត្រូនិច និងទំនាក់ទំនង នៅសកលវិទ្យាល័យ University College of Engineering, Osmania University ប្រទេសឥណ្ឌា និងបានបន្តការសិក្សានៅសហរដ្ឋអាមេរិកថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបានបញ្ចប់ដោយជោគជ័យ នៅ សកលវិទ្យាល័យ Bowling Green State University ព្រមទាំងទទួលបានសញ្ញាបត្រ MBA ពីសកលវិទ្យាល័យ University of California, Berkeley ថែមទៀតផង។

នៅក្នុងឆ្នាំ១៩៨៥ លោក Narayen បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន start-up មួយក្នុងតំបន់ Silicon Valley ដែលមានឈ្មោះថា Measurex Automation Systems ដែលជាក្រុមហ៊ុនបង្កើតប្រព័ន្ធគ្រប់គ្រងនៅលើកុំព្យូទ័រសម្រាប់ប្រើជាមួយរថយន្ត និងគ្រឿងអេឡិចត្រូនិច និងនៅឆ្នាំ ១៩៨៩ បានប្ដូរទៅបម្រើការងារនៅក្នុងក្រុមហ៊ុន Apple មានតួនាទីជា ប្រធានផ្នែកគ្រប់គ្រង់ជាន់ខ្ពស់។

បន្ទាប់ពីចាកចេញពី Apple នៅឆ្នាំ ១៩៩៥ រូបលោកបានបានទទួលតំណែងថ្មីជា នាយកគ្រប់គ្រងផ្នែកកុំព្យូទ័រ និងផលិតផលរបស់ក្រុមហ៊ុន Silicon Graphics និងនៅឆ្នាំ ១៩៩៦ បានបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Pictra Inc ក្នុងមានលោកជាសហស្ថាបនិក ដែល ក្រុមហ៊ុន មួយនេះផ្ដល់សេវាកម្ម ចែករំលែកមាតិការូបភាពនៅលើប្រព័ន្ធអនឡាញ។

នៅឆ្នាំ ១៩៩៨ លោក Narayen បានឈានជើងចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Adobe ក្នុងតួនាទីជា អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែក អភិវឌ្ឍន៍ផលិតផលនៅទូទាំងពិភពលោក និងបានកាន់តំណែងមួយនេះរហូតដល់ឆ្នាំ ២០០១។ ចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៥ លោកត្រូវបាន ក្រុមហ៊ុន Adobe ជ្រើសតាំងជាអនុប្រធានផលិតផលសកល ហើយក្រោយពីឆ្នាំ២០០៥ លោកត្រូវបានតែងតាំងអគ្គនាយក និងជាប្រធាន ចាត់ការទូទៅ (COO)។

នៅខែវិច្ឆិកា ឆ្នាំ២០០៧ ក្រុមហ៊ុនបានប្រកាសថាលោក Bruce Chizen នឹងលាឈប់ពីតំណែង CEO នៅឆ្នាំ២០០៧ ហើយអ្នកដែលនឹងឡើង កាន់ តំណែងជំនួសវិញគឺលោក Narayen តែម្ដង។

៥) លោក Parag Agrawal នាយកប្រតិបត្តិ Twitter

លោក Parag Agrawal គឺមានដើមកំណើតឥណ្ឌា និងសញ្ជាតិអាមេរិក បានកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៨៣ (គិតត្រឹមបច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ) នៅក្នុងទីក្រុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ដោយមានឪពុកជាមន្ត្រីជាន់ខ្ពស់នៅក្នុងនាយកដ្ឋានថាមពលអាតូមិករបស់ប្រទេសឥណ្ឌា និង ម្ដាយជាគ្រូបង្រៀន។

គាត់បានសិក្សានៅសាលា Atomic Energy Central School ហើយបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិឆ្នាំ ២០០១ ដែលធ្វើឡើងនៅប្រទេសតួកគី។ នៅឆ្នាំ ២០១៥ លោក Agrawal បានទទួលសញ្ញាប័ត្របរិញ្ញាបត្រពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Bombay និងបានផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យស្ទែនហ្វដ (Stanford University)។

នៅមុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter លោក Agrawal បានចុះកម្មសិក្សា និងបម្រើការងារនៅក្នុងក្រុមហ៊ុនអាមេរិកធំៗដូចជា ក្រុមហ៊ុន AT&T, Microsoft Research និង Yahoo! Research ហើយនៅខែតុលា ឆ្នាំ២០១១ លោកបាន ចូលបម្រើការងារនៅក្នុង ក្រុមហ៊ុន Twitter ជាវិស្វករផ្នែក Software។

នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០១៧ ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Twitter គឺលោក Adam Massinger បានលាលែងពីតំណែង ហើយតំណែងមួយនេះក៏ត្រូវធ្លាក់មកលើលោក Agrawal ជាអ្នកកាន់កាប់ និងទទួលបន្ទុកបន្ត។ នៅក្នុងពេលបម្រើការងារនៅក្នុងបណ្ដាញសង្គម អាមេរិកមួយនេះ លោក Agrawal ត្រូវបានគេដឹងថា បានទទួលការងារខុសត្រូវលើកិច្ចការសំខាន់ៗមួយចំនួនដូចជា Agrawal «យុទ្ធសាស្ត្របច្ចេកទេស, ត្រួតពិនិត្យម៉ាស៊ីន និងបច្ចេកវិទ្យា AI, គ្រប់គ្រងអ្នកប្រើប្រាស់ទូទៅ, គ្រប់គ្រងចំណូល និងដឹកនាំក្រុមវិទ្យាសាស្ត្រ»៕