(ភ្នំពេញ)៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែធ្នូខាងមុខ ក្រោមអធិបីតភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានអ្នកចូលរួម ១៥,០០០នាក់ ដើម្បីអបអរសាទរសមិទ្ធផលថ្មីដ៏អស្ចារ្យនេះ ហើយត្រូវបានរំពឹងថា អាចនឹងក្លាយជាព្រឹត្តិការណ៍ ដែលមានអ្នកចូលរួមច្រើនជាងគេ បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ។ នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។

ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការសន្ដិសុខសណ្ដាប់ធ្នាប់ និងគណៈកម្មការពាក់ព័ន្ធ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមរៀបចំកម្មវិធីខាងលើ ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC និងលោកនាយកឧត្តមសេនីយ៍ យូ ស៊ិនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ ។

លោក វ៉ាត់ ចំរើន បន្ដថា ពិធីសម្ពោធនេះ គឺជាពិធីដ៏មានអត្ថន័យជ្រាលជ្រៅ ដោយនឹងមានការរៀបចំយ៉ាងអធិកអធម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានអនុញ្ញាតឲ្យមានអ្នកចូលរួម ១៥,០០០នាក់ ។ ដូច្នេះក្រៅពីកម្មវិធីសម្ដែងសិល្បៈ និងកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ គណៈកម្មការគ្រប់ផ្នែក ក៏ត្រូវផ្ដោយការយកចិត្តទុកដាក់លើតួនាទីរៀងៗខ្លួន តាំងពីសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ ជាដើម ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «អ្វីដែលឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ិនឡុង បានសង្កត់ធ្ងន់ថា គឺការចូលរួមមនុស្សច្រើន ១៥,០០០នាក់ ដែលជាព្រឹត្តិការណ៍មានអ្នកចូលរួមដ៏ច្រើនមួយ ដែលអាចថា ជាព្រឹត្តិកាណ៍ដែលមានមនុស្សច្រើនជាងគេ បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល ។ តាមរយៈនេះ ការរៀបចំត្រូវតែម៉ត់ចត់ក្នុងការធ្វើតេស្ដ និងពិនិត្យសុខភាពអ្នកចូលរួមទាំងអស់ ក្រោមយន្ដការ និងការត្រួតពិនិត្យដ៏ច្បាស់លាស់» ។

លោកបន្ដថា «ពួកយើងបានទទួលនូវអនុសាសន៍ណែនាំពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយយើងនឹងអនុវត្តឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយត្រូវរៀបចំឲ្យខានតែបាននូវសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងអ្នកចូលរួម ។ យើងបានរៀបចំជាផែនការរួចរាល់អស់ហើយ ។ អ៊ីចឹងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ គណៈកម្មការទាំងអស់ បានយកគោលការណ៍ទាំងអស់ មកផ្គុំគ្នា ដើម្បីធ្វើឲ្យយ៉ាងណាឲ្យនីតិវិធីនៃការរៀបចំរបស់យើងមានភាពអស្ចារ្យ និងស័ក្ដិសមជាមួយសមិទ្ធផលដ៏អស្ចារ្យនេះដែរ» ។

សូមបញ្ជាក់ថា ពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង់របស់រដ្ឋាភិបាល និងប្រជាជនចិននេះ នឹងប្រព្រឹទ្ធទៅនាព្រឹកថ្ងៃទី១៨ ខែធ្នូខាងមុខ ។ ក្នុងឱកាសនោះ ក៏នឹងមានការរៀបចំនូវពិធីរ៉ាប់ថយក្រោយ ៥០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បើគិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះផងដែរ ៕