(ប៉ារីស)៖ លោក Guy Forget បានលាលែងពីតំណែងរបស់លោក ក្នុងនាមជាប្រធានព្រឹត្តិការណ៍ប្រកួតតេន្នីស French Open និងវាយកូនហ្គោល Paris Masters ហើយ ខណៈកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅចុងឆ្នាំ២០២១។ នេះបើតាមការប្រកាសពីសហព័ន្ធតេន្នីសបារាំង (FFT) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

លោក Forget វ័យ ៥៦ឆ្នាំត្រូវបានតែងតាំងជាប្រធានព្រឹត្តិការណ៍ Paris Masters ក្នុងឆ្នាំ២០១២ និង ៤ឆ្នាំមុនពេលឡើងកាន់ជាប្រធានព្រឹត្តិការណ៍ French Open ជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ចំនួន៤ នៃការប្រកួតក្នុងក្របខណ្្ឌធំ Grand Slam។

«Guy Forget ដែលកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នោះ បានលាលែងពីតំណែងជាប្រធានព្រឹត្តិការណ៍ French Open និងព្រឹត្តិការណ៍ Rolex Paris Masters ហើយ។ អ្នកជំនួសតំណែងរបស់លោក សម្រាប់ព្រឹត្តិការណ៍ Paris Grand Slam នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ»។ នេះបើតាម FFT បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

កាលជាកីឡាករ លោកបានជួយឲ្យបារាំងឈ្នះពានរង្វាន់ Davis Cup ក្នុងឆ្នាំ១៩៩១ និងឆ្នាំ១៩៩៦ មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៧។ លោកបានទទួលលំដាប់ថ្នាក់ល្អបំផុតក្នុងអាជីពរបស់លោក ដោយជាប់លំដាប់ថ្នាក់លេខ៤ នៅលើពិភពលោក ក្នុងឆ្នាំ១៩៩១។

លោកក៏បានដឹកនាំក្រុមបារាំង ដណ្តើមបានពានរង្វាន់ Davis Cup ក្នុងនាមជាប្រធានក្រុមក្នុងឆ្នាំ២០០១ និងពានរង្វាន់ Fed Cup ក្នុងឆ្នាំ២០០៣ ទៀតផង៕