(ប៊ែកឡាំង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក មិនអាចត្រូវបានគេរំពឹងថា នឹងអាចដោះស្រាយបញ្ហានយោបាយជាប់គាំងរយៈពេលយូរ ដែលអ្នកនយោបាយខ្លួនឯង មិនអាចដោះស្រាយបាននោះទេ។ នេះបើតាមសម្តីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានលើកឡើង ចំពេលដែលការរិះគន់លើព្រឹត្តិការណ៍ Beijing 2022 winter Games មានការកើនឡើង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

កាលពីថ្ងៃចន្ទ សេតវិមានបានលើកឡើងថា ក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមរិក នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ 2022 winter Games នៅទីក្រុងប៉េកាំងនោះទេ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្សរបស់ចិន បើទោះបីជាក្រុមអត្តពលិកសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅចូលរួមប្រកួតក្តី។

«ការទទួលខុសត្រូវរបស់យើង គឺដំណើរការការប្រកួត ដោយយោងតាមលក្ខន្តិកៈរបស់អូឡាំពិក...ហើយនឹងនាំមកជាមួយគ្នានៃក្រុមអត្តពលិកមកពី ២០៦ក្រុម និងក្រុមជនភៀសខ្លួន IOC ស្ថិតក្រោមដំបូលតែមួយ»។ នេះបើតាមសម្តីលោក Bach បានប្រាប់ក្នុងកិច្ចសម្ភាសន៍មួយជាមួយភ្នាក់ងារព័ត៌មាន DPA របស់អាល្លឺម៉ង់ ភ្លាមៗបន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។

«លើសពីនេះការរំពឹងថា ព្រឹត្តិការណ៍អូឡាំពិកអាចផ្លាស់ប្តូរមូលដ្ឋានប្រទេសមួយ ប្រព័ន្ធនយោបាយ ឬច្បាប់របស់ខ្លួន គឺជាការរំពឹងទុកហួសហេតុទាំងស្រុង»។ នេះបើតាមលោក Bach បានបន្ថែម។ «ព្រឹត្តិការណ៍អូឡាំពិក មិនអាចដោះស្រាយបញ្ហាដែលអ្នកនយោបាយជាច្រើនជំនាន់មិនទាន់បានដោះស្រាយនោះទេ»

ការមិនចូលរួមរបស់សហរដ្ឋអាមេរិក ដែលត្រូវបានលើកទឹកចិត្តអស់រយៈពេលជាច្រើនខែ ដោយសមាជិកសភា និងក្រុមតស៊ូមតិសិទ្ធិនោះ បានកើតមានឡើង ទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យទំនាក់ទំនងមានស្ថិរភាពក៏ដោយ ជាមួយនឹងកិច្ចប្រជុំតាមវីដេអូកាលពីខែមុនរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងលោក Xi Jinping ប្រធានាធិបតីចិន។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានគូសបញ្ជាក់ពីអ្វីដែលទីក្រុង Washington បានលើកឡើងថា គឺជាអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចមូស្លីម នៅភាគខាងលិចតំបន់ Xinjiang របស់ប្រទេសចិន ខណៈចិនបានបដិសេធរាល់ការចោទពីបទរំលោភសិទ្ធិនេះ៕