(អាមេរិក)៖ ការផលិតកំពូលស្មាតហ្វូន iPhone 13 របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ២០ភាគរយ នៃផែនការមេសម្រាប់ចន្លោះ ខែកញ្ញា និងតុលា ហើយការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថា Apple អាចនឹងខាតបង់ប្រាក់រាប់ពាន់លានដុល្លារនៅត្រីមាសចុងឆ្នាំ ឬត្រីមាសវិស្សមកាល។

banner

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ត្រីមាសវិស្សមកាលគឺជាឱកាសមួយ ដ៏ល្អ សម្រាប់ Apple ក្នុងការស្វែងរកប្រាក់ចំណូលតាមរយ:ការលក់ផលិតផលថ្មីៗ ព្រោះថាមនុស្សជាច្រើបានទិញផលិតផលថ្មីៗសម្រាប់ ធ្វើជា កាដូនៅថ្ងៃបុណ្យណូអែល ឬ Christmas ប៉ុន្តែសម្រាប់ឆ្នាំនេះ Apple អាចនឹងមិនអាចរកប្រាក់ចំណូលច្រើននោះទេ ដោយសារតែ iPhone 13 បានជួបបញ្ហាកង្វះខាតបន្ទះឈីប និងសង្កាក់ផលិតកម្មផ្គត់ផ្គង់។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានថ្លែងកាលពីខែតុលាថា ផលប៉ះពាល់នៃបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់នឹងកាន់តែអាក្រក់ក្នុងអំឡុងត្រីមាសវិស្សមកាល ឬត្រីមាសចុងឆ្នាំជាងត្រីមាសមុន។

នៅក្នុងខែតុលា មានសេចក្ដីរាយការណ៍មកថា ការដំឡើង iPhone និង iPad ត្រូវបានផ្អាកអស់រយៈពេលជាច្រើនថ្ងៃ ដែលវាជាលើកដំបូងក្នុងរយៈពេលជាងមួយទស្សវត្សរ៍សម្រាប់ក្រុមហ៊ុន Apple មិនធ្លាប់ជួបប្រទះបញ្ហាដូចនេះ ហើយការផ្អាក់នេះគឺបណ្ដាលមកពីឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងលើការប្រើប្រាស់ថាមពលនៅក្នុងប្រទេសចិន។

រហូតមកដល់ខែកញ្ញា និងខែតុលា ក៏មានសេចក្ដីរាយការណ៍មកថាសង្វាក់ផលិតកម្ម iPad ត្រូវបានកាត់បន្ថយ ដោយសារតែ ត្រូវទុក សមាធាតុ ឬគ្រឿងបង្គុំសម្រាប់យកទៅផលិត iPhone 13 វិញ ដែលក្នុងនោះសង្វាក់ផលិតកម្ម iPad ត្រូវបានគេប៉ាន់ប្រមាណថាបានកាត់បន្ថយរហូតដល់ ៥០ភាគរយ ខណៈដែលការផលិតកម្ម iPhone ជំនាន់ចាស់ក៏បានធ្លាក់ចុះប្រហែល ២៥ភាគរយផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះសារព័ត៌មាន Bloomberg បានរាយការណ៍មកថា កង្វះខាតក្នុងការផ្គត់ផ្គង់ iPhone 13 នៅលើទីផ្សារអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២៕