(អាមេរិក)៖ ក្រុមហ៊ុន Meta មេធំរបស់ Facebook បានប្រកាសឱ្យដឹងថា លោក Stan Chudnovsky ប្រធានគ្រប់គ្រង និងដឹកនាំកម្មវិធី Facebook Messenger ឬ Meta Messenger នឹងលាឈប់ពីតួនាទីនៅឆ្នាំ២០២២ ដែលការប្រកាសនេះបានសបញ្ជាក់ឱ្យឃើញថា ថ្នាក់ ដឹកនាំកំពូលៗរបស់ Facebook បានលាឈប់ជាបន្តបន្ទាប់។

banner

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Chudnovsky បានបម្រើការងារនៅក្នុងក្រុមហ៊ុនអស់រយ:ពេលជាង ៧ឆ្នាំមកហើយទៅលើការងារសំខាន់ៗមួយចំនួននៅក្នុងក្រុម Facebook Messenger និងនៅឆ្នាំ ២០១៨ រូបលោកត្រូវបានតែងតាំងជាប្រធានគ្រប់គ្រង់ និងដឹកនាំកម្មវិធី Facebook Messenger។

យោងតាមការប្រវត្តិរូបរបស់លោក Chudnovsky បានឱ្យដឹងថា មុនពេលលោកមកបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook គឺលោកបាន កាន់តួនាទីជាប្រធានយុទ្ធសាស្ត្រសកលនៅក្នុងក្រុមហ៊ុន PayPal ហើយលោកក៏ជាសហស្ថាបនិកក្រុមហ៊ុន IronPearl ផងដែរ។

ក្រុមហ៊ុន Facebook បានប្រកាសឱ្យដឹងថា លោក Chudnovsky អាចនឹងលាឈប់ពីក្រុមហ៊ុននៅក្នុងអំឡុងពេលត្រីមាសទី២ ឆ្នាំ២០២២ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ឡើយ ខណ:ដែលមូលហេតុនៃការលាឈប់ក៏មិនត្រូវបានប្រកាសឱ្យដឹងផងដែរ។

មួយរយ:ពេលក្រោយនេះ ក្រុមហ៊ុន Meta បានព្យាយាមច្របាច់បញ្ចូលគ្នានូវកម្មវិធីផ្ញើសារ Messenger, Instagram និង WhatsApp ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកប្រើជាច្រើន។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលៗរបស់ Facebook ជាច្រើនរូបបានលាឈប់ពីតំណែងក្នុងនោះរួមមាន Deborah Liu ប្រធានផ្នែក Facebook Marketplace, David Fischer ប្រធានផ្នែកប្រាក់ចំណូល លាឈប់កាលពីខែមីនា, Kevin Weil ប្រធានផ្នែករូបិយបណ្ណឌីជីថល (Novi) , Carolyn Everson ប្រធានផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, Fidji Simo ប្រធានផ្នែក Facebook App, Mark D’Arcy ប្រធានផ្នែកច្នៃប្រឌិត, Mike Schroepfer ប្រធានផ្នែកបច្ចេកវិទ្យា (CTO), David Marcus ប្រធានផ្នែករូបិយប័ណ្ណគ្រីបតូ, Julien Codorniou ប្រធានផ្នែកកម្មវិធីទំនាក់ទំនងសហគ្រាស និង Workplace៕