(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងការបោះជុំរុំ (Class P3+Tranning Camp) រយៈពេល ១សប្ដាហ៍ នៅសាលាបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០១-០៧ ខែធ្នូនេះ បានបញ្ចប់ដោយជោគជ័យ ខណៈលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកវគ្គនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការផលិតធនធានគ្រូជំនាញ ឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរីកចម្រើន នៃប្រភេទកីឡាអូឡាំពិកនេះ ។

លោក ណយ ផាណា បានបញ្ជាក់ថា ស្របតាមផែនការសកម្មភាព ឆ្នាំ២០២១ របស់សហព័ន្ធ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំបើកវគ្គនេះ ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ឲ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចំណេះជំនាញមួយនេះ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងត្រៀមឆ្ពោះទៅរកឧត្តមភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ជូនជាតិមាតុភូមិ ។

គ្រឧទ្ទេសប្រចាំវគ្គដដែលបន្ដថា ឆ្លងកាត់ការសិក្សា ១សប្ដាហ៍កន្លងមក សិក្ខាកាមបានបង្ហាញឲ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពិសេសការយល់ដឹងអំពីការផ្លាស់ប្តូរក្បួនច្បាប់ថ្មី ឆ្នាំ២០២១-២០២៤ របស់សហព័ន្ធអន្ដរជាតិផងដែរ។ បើសិនមានលទ្ធភាពវគ្គបច្ចេកទេសគ្រូជំនាញ ឬសិក្ខាសាលា ឬ Training Camp ឲ្យបានញឹកញាប់រៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី លោករំពឹងថា ការយល់ដឹងលើបច្ចេកទេសនឹងកាន់តែប្រសើរថែមទៀត ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល និងការបោះជុំរុំខាងលើ មានសិក្ខាកាមចូលរួម ២២នាក់ ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ១០នាក់ ស្មើនឹង ៤៥,៤៥%, និទ្ទេសល្អបង្គួរ ៨នាក់ ស្មើនឹង ៣៦,៣៦% និងនិទ្ទេសមធ្យម ៤នាក់ ស្មើនឹថ ១៨,១៨% ។ បន្ទាប់ពីចប់កម្មវិធីនេះ ចាប់ពីថ្ងៃទី០៨-១៣ ខែធ្នូនេះ សហព័ន្ធនឹងបន្ដរៀបចំការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំនេះផងដែរ៕