(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ដូចជាកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងចូលរួមចំណែនៅក្នុងសកម្មភាពឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន BECIS នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់រោងចក្រផលិតថាមពលជីវម៉ាសដ៏ធំដំបូងបំផុតនៅកម្ពុជា ដើម្បីផលិតថាមពលកម្ដៅសម្រាប់ប្រើប្រាស់នៅរោងចក្រផលិតស្រាបៀររបស់ខ្លួន។

រោងចក្រនេះដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន BECIS វិនិយោគទឹកប្រាក់ចំនួន ៥.៨លានដុល្លារអាមេរិក និងគ្រោងចំណាយពេល ៧ខែដើម្បីបញ្ចប់ការសាងសង់ នៅតាមបណ្តោយវិថីស្រាបៀរថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រោងចក្រថាមពលជីវម៉ាសនេះនឹងដុតអង្កាម ដើម្បីង្កើតជាចំហាយទឹកសម្រាប់ផ្គត់ផ្គង់ថាមពលកម្ដៅសម្រាប់ប្រើប្រាស់ផ្ដាច់មុខ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដោយរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រកបអាជីវកម្មស្រូវអង្ករដូចជា រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករជាដើម តាមរយៈការជួយ បង្កើតតម្លៃបន្ថែមដល់ទីផ្សារ។

លោក សៅ សុភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្រប និងមាននិរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនគ្រប់រូប ក្រសួងបានធ្វើកំណែទម្រង់ស៊ីជម្រៅ និងបានកំណត់អាទិភាពការងារ និងគោលនយោបាយរបស់ខ្លួន ដោយឈរលើសសរស្តម្ភចំនួន៤ គឺ ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក សៅ សុភាព បានបញ្ជាក់ទៀតថា តាមរយៈគម្រោងបង្កើតរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុន ហ៊ិននីគែននេះ នឹងចូលរួមចំណែកបន្ថែមទៀតនៅក្នុងការ លើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ដូចជាកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងចូលរួមចំណែកនៅក្នុងសកម្មភាពឆ្លើយតបទៅនឹងបញ្ហាប្រែប្រួល អាកាសធាតុផងដែរ។

លោកស្រី អេននី អូលីវីយែ បានឱ្យដឹងដែរថា ការសាងសង់រោងចក្រថាមពលជីវម៉ាសនេះ បង្ហាញពីជំហានឆ្ពោះទៅមុខដ៏ធំមួយ សម្រាប់មហិច្ឆិតា ក្នុងការសម្រេចបាន ការបញ្ឈប់ទាំងស្រុងនៅការបញ្ចេញកាបូននៅក្នុងផលិតកម្មនៅត្រឹមឆ្នាំ២០៣០ ខាងមុខ។ ក្រុមហ៊ុនបាននិងកំពុងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់រយៈពេលវែងរួចហើយ តាមរយៈការងារដែលបានបង្កើត និងគាំទ្រ ក៏ដូចជាពន្ធអាករដែលបានបង់។ ការសាងសង់រោងចក្រថាមពលជីវម៉ាសនេះ ត្រូវបានធ្វើឡើ ងដោយសហការជាមួយក្រុមហ៊ុន BECIS ក្នុងកិច្ចព្រមព្រៀងទិញថាមពលរយៈពេលច្រើនឆ្នាំផងដែរ។

សូមបញ្ជាក់ថា កាលពី៣ឆ្នាំមុន ក្រុមហ៊ុន ហ៊ិននីគែន បានវិនិយោគលើរោងចក្រប្រព្រឹត្ដិកម្មទឹកកខ្វក់ដ៏ធំមួយនៅកម្ពុជា នៅរោងចក្រផលិតស្រាបៀរ ក្នុងរាជធានី ភ្នំពេញ ជីវឧស្ម័នដែលបញ្ចេញដោយរោងចក្រប្រព្រឹត្ដិកម្មទឹកកខ្វក់នេះត្រូវបានប្រើជាថាមពលកម្ដៅក្នុងផលិតកម្មស្រាបៀររបស់ក្រុមហ៊ុន ក្នុងទម្រង់ជាថាមពលកកើតឡើងវិញ។ ក្នុងនោះក្រុមហ៊ុនក៏បានបង្ហាញគោលបំណងថ្មីៗ ក្នុងការសម្រេចគោលដៅបញ្ឈប់ទាំងស្រុង នូវការបញ្ចេញឧស្ម័នកាបូន ក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន នៅឆ្នាំ២០៣០ ទាំងនៅលើពិភពលោកនិងនៅកម្ពុជា។

ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន ហ៊ិននីគែន មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំង សង្វាក់ផលិតកម្មទាំងមូលរបស់ខ្លួនធៀបនឹងឆ្នាំ២០១៨។ ជាមួយគ្នានោះរោងចក្រថាមពលជីវម៉ាសរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏ត្រូវបានរំពឹងថា នឹងអាចដំណើរការនៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕