(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ ជាមួយក្រុមហ៊ុន តូតាល់កម្ពុជា ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងឲ្យដឹងថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា ជាសាខារបស់ក្រុមហ៊ុន TotalEnergies ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសាកលលោក បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូស្តីពីសេវាទូទាត់វិក្កយបត្រ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនទូទៅ និងសាធារណជន សម្រាប់ការទូទាត់ជាមុន (ចំពោះអតិថិជនដែលប្រើប្រាស់ប័ណ្ណសមាជិក) ព្រមទាំងអតិថិជន លក់ដុំ និងលក់រាយទាំងអស់ របស់ក្រុមហ៊ុនតូតាល់កម្ពុជាដូចជា ការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។ ការចាប់ដៃគូរនេះនឹងផ្តល់មធ្យោបាយ ក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់»។

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់៥៩ស្ថានីយ។ ដោយមើលឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។

លោកបណ្ឌិតបន្ដថា សមាជិកប័ណ្ណតូតាល់កម្ពុជា ក៏អាចបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណប្រេងឥន្ធនៈរបស់ពួកគេ តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល ផងដែរ។ លើសពីនេះដៃគូចែកចាយ តូតាល់កម្ពុជា នឹងអាចទូទាត់វិក្កយបត្រ (Bill Payment) សម្រាប់ផលិតផល និងសេវាកម្ម តាមរយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និងងាយស្រួល។

សូមជម្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤រួមមាន ធនាគារ អេស៊ីលីដា ឡាវ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់
ទូទាំងព្រះរាជាណាចក្រកម្ពុជា (មាន ២៦២សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន ៣៨សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា)។

ក្រុមហ៊ុន តូតាល់កម្ពុជា ប្រតិបត្តិការជាផ្លូវការនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣។ ក្រុមហ៊ុនតូតាល់កម្ពុជា ផ្សព្វផ្សាយនៅទូទាំងប្រទេសអំពីផលិតផល និងសេវាកម្មប្រេងឥន្ធនៈ ផ្សេងៗជាច្រើនដល់អតិថិជនរបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។

ក្រុមហ៊ុន តូតាល់កម្ពុជា ផ្តល់ជូននូវផលិតផល និងសេវាកម្ម នៅតាមស្ថានីយជាង១០០ កន្លែងសម្រាប់ការចាក់ប្រេងឥន្ធនៈ (ប្រេងសាំង និងម៉ាស៊ូត) ដែលមានហាងទំនេញ ជាង ៥២ កន្លែង (ហាង Bonjour) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំងអាកាសចរណ៍ និងប្រេងម៉ាស៊ីន។ លើសពីនេះ កាត TotalEnergies ជាមធ្យោបាយ ដ៏ងាយស្រួលក្នុងការជាវ និងគ្រប់គ្រងការជាវប្រេងឥន្ធនៈ។

ក្រុមហ៊ុន តូតាល់កម្ពុជា នៅ តែបន្តវិនិយោគលើទីតាំងស្តុកប្រេងស្តង់ដារខ្ពស់សម្រាប់ប្រេងឥន្ធនៈរថយន្ត និងប្រេងឥន្ធនៈអាកាសចរណ៍ផងដែរ៕