(អាមេរិក)៖ អតីតអ្នកកីឡាកាស WWE និងបច្ចុប្បន្នជាកំពូលតារាសម្តែងល្បីឈ្មោះមួយរូប ក្នុងវិស័យហូលីវូដ គឺ Dwayne Johnson ហៅ The Rock បានឈ្នះពានរង្វាន់ដល់ទៅ២ ពីកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់អាមេរិក «People Choice Awards» ធ្វើឲ្យលោកជាប់ឈ្មោះជា «តារាភាពយន្តប្រុសឆ្នើមប្រចាំឆ្នាំ» និង «តារាភាពយន្តបែបកំប្លែងប្រចាំឆ្នាំ»។ ការទទួលបានពានរង្វាន់ពេលនេះ គឺតាមរយៈការចូលរួមសម្តែង ក្នុងខ្សែភាពយន្តល្បីៗ «Jungle Cruise»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Hoollywood Reporter នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

«People Choice Awards» ជាកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់អាមេរិក ធ្វើឡើងប្រមាណ៤៦ឆ្នាំមកហើយ ដែលផ្តោតទៅលើបុគ្គលល្បីៗក្នុងវិស័យកំសាន្ត និងពានរង្វាន់ដែលទទួលបាន គឺតាមរយៈការបោះឆ្នោត លើបណ្តាញសង្គមពីសាធារណជនផ្ទាល់។ ក្នុងឆ្នាំ២០២១នេះ កំពូលតារាសម្តែង The Rock ទទួលបានពានរង្វាន់ដល់ទៅពីរ តាមរយៈការចូលរួមសម្តែងរឿងរបស់ Walt Disney ចំណងជើងថា «Jungle Cruise» ដែលពានរង្វាន់ទី១ គឺ «តារាភាពយន្តប្រុសឆ្នើមប្រចាំឆ្នាំ២០២១» និងពានរង្វាន់ទី២ គឺ «តារាភាពយន្តបែបកំប្លែងប្រចាំឆ្នាំ ២០២១»។

គួរជម្រាបថា ក្នុងភាពយន្ត «Jungle Cruise» (ចាំងហ្គល គ្រូស) នេះ មានការចូលរួមពីតារាសម្ដែងស្រី Emily Blunt (អេមីលី ប្លាន់) ដើរតួជាអ្នកផ្សងព្រេងម្នាក់ ត្រូវបំពេញបេសកកម្ម ក្នុងការស្វែងរកដើមឈើបុរាណមួយដើម មានសមត្ថភាពព្យាបាលជំងឺជាច្រើនមុខរបស់មនុស្ស ខណៈតារាសម្ដែង The Rock បានដើរតួធ្វើជាម្ចាស់ទូកម្នាក់ ដែលជូនដំណើរតួឯកស្រី ទៅស្វែងរកដើមឈើនោះ។ ប្រសិនបើភាពយន្ត «Jungle Cruise» នេះ ទទួលបានជោគជ័យ ខាងផលិតកម្មពិចារណាថា នឹងផលិតវាចេញជាស៊េរីដូចជាភាពយន្តចោរសមុទ្រ «Pirates of the Caribbean» ដូច្នោះដែរ៕