(មែលប៊ិន)៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលី (AOC) បានលើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ពួកគេ ដោយចូលរួមជាមួយមន្ត្រីការទូតសហរដ្ឋអាមេរិក មិនចូលក្នុងព្រឹត្តិការណ៍ Beijing Olympics នៅឆ្នាំក្រោយ នឹងមិនប៉ះពាល់ដល់ការរៀបចំខ្លួនរបស់ពួកគេ សម្រាប់ព្រឹត្តិការណ៍រដូវរងានេះនោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានលើកឡើងនៅថ្ងៃពុធថា អូស្ត្រាលីនឹងមិនបញ្ជូនអ្នកតំណាងរដ្ឋាភិបាលទៅកាន់រដ្ឋធានីរបស់ចិន សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយនោះទេ។

AOC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនគោរពតាម «ជម្រើសការទូត» ដែលវាល្អសម្រាប់រដ្ឋាភិបាល និងនយោបាយ ហើយកីឡា គួរតែដាច់ដោយឡែកពីគ្នា។

«អត្តពលិកអូស្ត្រាលីរបស់ពួកយើង បានធ្វើការហ្វឹកហាត់ និងការប្រកួត ជាមួយនឹងក្តីសុបិន ក្នុងព្រឹត្តិការណ៍អូឡាំពិកនេះអស់រយៈពេល ៤ឆ្នាំ គិតមកដល់ពេលនេះ ហើយយើងបាននឹងកំពុងធ្វើអ្វីគ្រប់យ៉ាង ក្នុងថាមពលរបស់យើង ដើម្បីធានាថា យើងអាចជួយឲ្យពួកគេទទួលបានជោគជ័យ» នេះបើតាមសម្តីលោក Matt Carroll ប្រធានប្រតិបត្តិ AOC៕