(ភ្នំពេញ)៖ វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល រៀបចំពិធីចែកសញ្ញាបត្រ ជូនដល់និស្សិត ដែលបានប្រលងបញ្ចប់ការសិក្សាកម្មវិធី ACCA CAT និងថ្នាក់បរិញ្ញាបត្រ BA+CAT សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ។

កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួម ពីលោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង កម្មវិធីកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងជាសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងមានការចូលរួមពីសំណាក់ លោកនាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ស្ថាប័ន ACCA កម្ពុជា សាស្រ្តាចារ្យ និយោជក និស្សិត និងអាណាព្យបាលផងដែរ។

ពិធីចែកសញ្ញាបត្រនេះរៀបចំឡើង ដោយបែងចែកនិស្សិតទទួលសញ្ញាបត្រជាក្រុមតូចៗ ដោយរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ស្របតាមវិធានការណ៍សុវត្ថិភាព និងសុខភាពរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជា។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៣មក វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបណ្តុះបណ្តាលនិស្សិតជាច្រើនជំនាន់ រួចមកហើយ។ ក្នុងរយៈពេល២១ឆ្នាំនេះ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់និស្សិត និងសាធារណៈជនទូទៅ ដែលសិក្សានៅវិទ្យាស្ថាន ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះ គុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីឲ្យស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។

លោកបានបន្តថា ប្រព័ន្ធគណនេយ្យ និងហិរញ្ញវត្ថុ គឺជាផ្នែកដ៍សំខាន់មួយ នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ គណនេយ្យ និងសវនកម្មបានជួយក្នុងការរៀបចំ និងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាបែងចែកដើមទុនប្រកប ដោយប្រសិទ្ធភាព ហើយទាមទារនូវជំនាញបច្ចេកទេសពិតប្រាកដ។ ក្នុងនាមអ្នកដែលជានិស្សិតបញ្ចប់ការសិក្សា របស់វិទ្យាស្ថានខេមអេដ អ្នកទទួលបាន ការអភិវឌ្ឍននូវជំនាញពិត ហើយទទួលបានគុណវុឌ្ឍិ ដែលត្រូវបានទទួលស្គាល់ នូវជុំវិញពិភពលោក។

លោកបានលើកឡើងថា ២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកលូតលាស់ជាខ្លាំង ក្នុងកំណើនជាមធ្យម ៧.៧ភាគរយក្នុងមួយឆ្នាំ។ តែក្នុងឆ្នាំ២០២០នេះ សេដ្ឋកិច្ចបានធ្លាក់ចុះប្រមាណ៣.១ភាគរយ ដោយសារជំងឺកូវីដ១៩ជាសាកល។

លោកក៏បានធ្វើការផ្តាំ ផ្ញើទៅនិស្សិតបញ្ចប់ការសិក្សា ទាំងអស់ឲ្យបន្តការសិក្សា ដើម្បីវិនិយោគលើខ្លួនឯង។ មិនត្រឹមតែប៉ុននេះទេ គឺត្រូវយល់ដឹងបន្ថែម លើក្រមសីលធម៌ ក្នុងនាមជាគណនេយ្យករជំនាញ ដោយត្រូវមានភាពស្មោះត្រង់ រក្សាការសម្ងាត់ និងមានគោលដៅច្បាស់លាស់។

លោក បណ្ឌិត ងី តាយី បានឲ្យដឹងថា «ខ្ញុំពិតជាមានសេចក្តីរំភើប ជាមួយប្អូនៗដែលទទួលបានជ័យលាភី ក្នុងការសិក្សា ថ្នាក់គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ។ ភាពជោគជ័យរបស់ប្អូនៗ ក្មួយៗ ជាជោគជ័យរបស់គ្រួសារ របស់វីជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល»

លោកបានសង្កត់ធ្ងន់ថា វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល ពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតធនធានមនុស្ស ដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើក្នុងវិស័យ៣ ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបានបញ្ជាក់ថា វិស័យទាំង៣នោះរួមមាន៖
១៖ ភាគច្រើនសវនករដែលកំពុងបម្រើការងារ ក្នុងក្រុមហ៊ុនសវនកម្មឯករាជ្យ បានបញ្ចប់ការសិក្សានៅ វិទ្យាស្ថានខេមអេដ មានដូចជាក្រុមហ៊ុន PWC, KPMG, E&Y និង Deloitte ជាដើម។
២៖ នាយកប្រតិបត្តិក្នុងវិស័យធនាគារមួយចំនួនធំ ក៏សុទ្ធតែបានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានខេមអេដផងដែរដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិ អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារជាដើម។
៣៖ វិទ្យាស្ថានខេមអេដបច្ចុប្បន្ន ជាប្រភពសំខាន់មួយនៃមន្រ្តីរាជការលើកិច្ចការបច្ចេកទេស ដូចជាអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបានលើកឡើងថា ភាពជោគជ័យដែលវិទ្យាស្ថាន ទទួលបានក៏អាស្រ័យទៅនឹងការចូលរួម ពីសំណាក់វិស័យឯកជន និងរដ្ឋ ក៏ដូចជាវិទ្យាស្ថានខ្លួនឯងផ្ទាល់ផងដែរ រួមមានសាស្រ្តាចារ្យដែលប្រកបដោយគុណវឌ្ឍន៍ គណៈគ្រប់គ្រងសាលា និងបុគ្គលិកផ្សេងៗទៀត ដើម្បីបណ្ដុះបណ្ដាលអាជីពនេះ ឲ្យកាន់តែបានលទ្ធផលល្អនិងប្រសើរជាងមុន។

លោកក៏បានលើកសរសើរ ដល់វិទ្យាស្ថានខេមអេដ ដែលបានតែងតែខិតខំពង្រឹងគុណភាពអប់រំរបស់ខ្លួន ឲ្យលេចធ្លោ ទាំងក្នុង និងក្រៅប្រទេស តាមរយៈការទទួលស្គាល់គុណភាពអប់រំ របស់វិទ្យាស្ថាន ដូចជាការទទួលស្គាល់ពី ASEAN University Network-Quality Assurance (AUN-QA) និងតាមរយៈ QS Stars Rating System ជាដើម៕