(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសនូវភាពជាដៃគូ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកផ្ដល់សេវាសុខភាព ក្នុងប្រទេសកម្ពុជា តាមរយៈដាក់ឲ្យប្រើប្រាស់កម្មវិធីប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលថ្មី ឈ្មោះថា «e-Health MyCLNQ» ដែលភ្ជាប់ទៅនឹងសេវាហិរញ្ញវត្ថុឌីជីថល សម្រាប់ការទូទាត់ប្រតិបត្តិការប្រចាំថ្ងៃ ជាមួយអ្នកជំងឺរបស់ខ្លួន។

តាមរយៈកិច្ចសហការនេះ មន្ទីរពេទ្យ ព្រមទាំងគ្លីនិករដ្ឋ និងឯកជន ជិត២០០ស្ថាប័នទូទាំងប្រទេសកម្ពុជា ដែលប្រើកម្មវិធី ពេទ្យយើង និង e-Health MyCLNQ របស់ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា អាចទទួលបាននូវសេវាទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលរបស់ធនាគារវីង ក្នុងការកត់ត្រា និងទូទាត់ប្រតិបត្តិការហិរញ្ញវត្ថុ ប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាព។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា «អ្នកជំងឺមិនចាំបាច់បារម្ភអំពីការកាន់ក្រដាសប្រាក់ តាមខ្លួននៅពេលស្វែងរកសេវាព្យាបាល បន្ទាន់ទៀតនោះទេ។ អ្វីដែលពួកគាត់ត្រូវការនោះគឺ គណនីវីង នៅក្នុងទូរស័ព្ទដៃរបស់គាត់។ ហើយពួកគាត់អាចធ្វើការទូទាត់ថ្លៃសេវាសុខភាព ដោយចុចពីរបីប៉ក់លើទូរស័ព្ទដៃ និងស្កេនកូដ QR នៅតាមបញ្ជរបង់ប្រាក់បាន»

សេវាទូទាត់តាម QR មិនត្រឹមតែទទួលបានការពេញនិយមដោយសារតែមានសុវត្ថិភាព និងភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយការពារអ្នកជំងឺ ពីការប្រើក្រដាសប្រាក់ផ្ទាល់ ដែលអាចមានផ្ទុកមេរោគ និងវីរុសផ្សេងៗ ជាពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។

e-Health MyCLNQ App គឺជាប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលថ្មីមួយ ដែលបានបង្កើតឡើងរួមគ្នា រវាងកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដៃគូ និងអ្នកជំងឺកម្ពុជា អាចទាក់ទង ទទួល និងផ្តល់សេវាពិគ្រោះ និងព្យាបាល តាមប្រព័ន្ធឌីជីថល លើទូរស័ព្ទដៃ ដែលសន្សំសំចៃ និងធានាបាននូវសុវត្ថិភាព ជូនដល់ពលរដ្ឋកម្ពុជា ដោយអាចភ្ជាប់ទំនាក់ទំនងផ្ទាល់ ទៅកាន់វេជ្ជបណ្ឌិត ដើម្បីប្រឹក្សាយោបល់ និងព្យាបាលជំងឺ នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី និងឥណ្ឌា។

លោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា «អស់រយៈពេលជិត១ឆ្នាំកន្លងមកនេះ ពួកយើងបានធ្វើការពុះពារឧបសគ្គជាច្រើនជាមួយដៃគូ ទាំងធនាគារ វីង និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល របស់ប្រទេសសិង្ហបុរី Ssivix Lab ដើម្បីបង្កើតកម្មវិធី e-Health MyCLNQ លំដាប់អន្តរជាតិមួយនេះ ដែលជាដំណោះស្រាយឈានមុខគេមួយ សម្រាប់អ្នកផ្តល់សេវាសុខាភិបាល និងអ្នកជំងឺ ក្នុងការភ្ជាប់ទំនាក់ទំនងសេវាពិគ្រោះ និងព្យាបាលជំងឺ ព្រមទាំងការទូទាត់សេវាព្យាបាល នៅលើទូរស័ព្ទដៃ»

លោកស្រី ប៉ុង លីមសាន សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា បានបញ្ជាក់ថា «កម្មវិធីដែលយើងបានបង្កើតឡើងនេះ នឹងបង្កើតភាពងាយស្រួល ដល់សេវាសុខាភិបាល ក៏ដូចជាធ្វើឲ្យសេវាសុខាភិបាលមានភាពទំនើបជាងមុន និងជួយលើកកម្ពស់គុណភាពសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ យើងសហការគ្នាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយផលលំបាក ដែលអ្នកផ្ដល់សេវាសុខភាព និងអ្នកជំងឺជួបប្រទះក្នុងអំឡុងពេលកូវីដ-១៩ ដោយកម្មវិធីយើង បានបង្កើតនូវមធ្យោបាយធ្វើទំនាក់ទំនង រវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាសុខភាព និងជ្រើសរើសមន្ទីរពេទ្យ ឬអ្នកជំនាញថែទាំសុខភាព ក្នុងការព្យាបាលសុខភាព»

ធនាគារ វីង បានភ្ជាប់ដៃគូជាមួយស្ទើរតែគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អាចទាញយកកម្មវិធី ស្មាតហ្វូនវីង ហើយពិនិត្យមើលថាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលខ្លួនពេញចិត្ត មានភ្ជាប់ទៅនឹងធនាគារ វីង ដែរឬទេ។ ពួកគាត់ក៏អាចផ្ទេរប្រាក់ទៅគណនីវីង រួចធ្វើការទូរទាត់ប្រាក់តាមប្រព័ន្ធឌីជីថលភ្លាមៗ។

លោក Anwar Rafique នាយកប្រតិបត្តិនៃក្រុមហ៊ុន SsivixLab ជឿថា ដំណើរឧស្សាហកម្មវិទ្យាសាស្ត្រ គឺជាការប្រែប្រួលដ៏ធំមួយ។ សេវាសុខភាព បានផ្លាស់ប្ដូរទៅរកវិធីការពារបន្ថែម ដោយផ្អែកទៅលើលទ្ធផលនៃគម្រូសេដ្ឋកិច្ច។ នៅពេលដែលអ្នកជំងឺទទួលបានព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់ពួកគេជាទៀងទាត់ (ខុសពីការទទួលបានពីវេជ្ជបណ្ឌិតរបស់ពួកគេ) ការរំពឹងទុក គឺអ្នកជំងឺ នឹងត្រូវបានផ្តល់សិទ្ធិ ក្នុងការថែរក្សាខ្លួនឯង ខណៈដែលពួកគេចូលរួមកាន់តែច្រើន ក្នុងការសម្រេចចិត្តថែទាំសុខភាពដោយខ្លួនឯង និងយល់ដឹងពីសុខុមាលភាពបន្ថែម។

ក្រុមហ៊ុន ហ្វឹស វិម៉ិនថេក អេស៊ា និងធនគារ វីង កំពុងបូកបញ្ចូលនូវជំនាញបច្ចេកទេសរបស់ខ្លួនក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា ក្នុងការគាំទ្រ និងអនុញ្ញាតឲ្យអ្នកជំងឺ ទទួលបាននូវសេវាសុខភាព ដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុន ហ្វឺស វិម៉ិនថេក អេស៊ា បានសម្រេចនូវការដំណើរការកម្មវិធី ពេទ្យយើង ដើម្បីលើកស្ទួយប្រព័ន្ធសុខាភិបាល ហើយក៏បានតំឡើងកម្មវិធីគ្រប់គ្រងនេះនៅក្នុងមន្ទីរពេទ្យ គ្លីនិករដ្ឋ និងឯកជនជាង ២០០កន្លែង ឲ្យបាននូវការរក្សាទុកនូវ ទិន្នន័យមន្ទីរពេទ្យ ទិន្នន័យអ្នកជំងឺ និងជួយដល់ប្រព័ន្ធប្រតិបត្តិការរបស់មន្ទីរពេទ្យ។

សក្ដានុពលរបស់ធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទូទាំងប្រទេសកម្ពុជា តាមរយៈភ្នាក់ងារវីងជាង ១០ ០០០កន្លែង និងកម្មវិធីស្មាតហ្វូនវីង ដែលមានមុខងារច្រើនយ៉ាង៕