(ភ្នំពេញ)៖ ពិធីបិទកម្មវិធី «គ្រាប់ពូជដើម្បីអនាគតរបស់ក្រុមហ៊ុន ហួវៃ កម្ពុជាប្រចាំឆ្នាំ២០២១» បានប្រព្រឹត្តិទៅដោយជោគជ័យ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ តាមរយៈការគាំទ្រនិងចូលរួមពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថានទូតនៃសាធារណៈរដ្ឋចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៉ីនធើណេត ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន ហួវៃ កម្ពុជា និងមានការចូលរួមពីសំណាក់និស្សិតឆ្នើមទាំង ២០រូប នៅក្រុមហ៊ុន ហួវៃ កម្ពុជាផ្ទាល់ផងដែរ។

លោក ជា វ៉ាន់ដេត បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានចូលរួមក្នុងពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បីអនាគតឆ្នាំ២០២១” នៅថ្ងៃនេះ។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហួវៃ កម្ពុជា ដែលបានបន្តប្រារព្ធកម្មវិធីនេះឡើងចាប់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ដើម្បីជម្រុញការផ្សារភ្ជាប់រវាងឧស្សាហកម្ម-សាកលវិទ្យាល័យ ក៏ដូចជារួមចំណែកជម្រុញការអភិវឌ្ឍទេពកោសល្យឌីជីថលនៅកម្ពុជា។ ជាក់ស្តែង ថ្ងៃនេះយើងមាននិស្សិតកម្ពុជាចំនួន ២០ រូបដែលបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលនេះដោយជោគជ័យ»

ឆ្លៀតក្នុងឱកាសនេះដែរ លោក ជា វ៉ាន់ដេត បានអបអរសាទរដល់និស្សិតទាំងអស់ ដែលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យជាមួយនឹងសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ហើយលោកជឿជាក់ថាបទពិសោធន៍នេះនឹងក្លាយជាជំនួយដល់ការសិក្សានិងការងាររបស់ពួកគេនាពេលអនាគត ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាICT នៅកម្ពុជាផងដែរ។

លោក Wang Wentian បានថ្លែងដែរថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបិទនៃកម្មវិធី គ្រាប់ពូជដើម្បីអនាគត។ ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការប្រារព្ធឡើងនៃកម្មវិធីឆ្នាំនេះ និងនិស្សិតទាំងអស់ដែលបានចូលរួមផងដែរ។ ចាប់តាំងពីឆ្នាំ២០១៦មក កម្មវិធីនេះបានក្លាយជាកម្មវិធីសំខាន់មួយដែលយុវជនកម្ពុជានិងខ្លួនខ្ញុំផ្ទាល់តែងតែទន្ទឹងរងចាំ»

លោកបានថ្លែងអំណរគុណជាពិសេសចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជានិច្ចជាកាលតែងតែគាំទ្រនិងផ្តល់ឱកាសដល់ក្រុមហ៊ុន ហួវៃ ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅលើពិភពលោក ក្នុងការចែករំលែកបច្ចេកវិទ្យាទំនើប បង្កើតឱកាសការងារ និងបំពេញភារកិច្ចដែលជាទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្មអស់រយៈពេលជាងពីរ ទសវត្សរ៍នៃការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «នៅកម្ពុជា ដើម្បីកម្ពុជា»

«ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ហួវៃ ចំពោះការរួមចំណែកដ៏ធំធេងក្នុងការពង្រឹងចំណងមិត្តភាពរវាងចិន-កម្ពុជា និងសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើងយ៉ាងខ្ជាប់ខ្ជួន ដើម្បីបណ្ដុះទេពកោសល្យបច្ចេកវិទ្យាព័ត៌មានវិទ្យាវ័យក្មេង ដែលជាក្តីសង្ឃឹមនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា»។ នេះបើតាមលោកឯកអគ្គរដ្ឋទូតចិន។

លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហួវៃ កម្ពុជា បានលើកឡើង ក្នុងសុន្ទរកថារបស់លោក ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃការអប់រំ និងបច្ចេកវិទ្យា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមកម្ពុជាចាប់តាំងពីអរិយធម៌បុរាណមកម្ល៉េះ។ តំណាងឱ្យក្រុមហ៊ុន ហួវៃ កម្ពុជា លោកបានបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្រេចគោលដៅនៃ «យុទ្ធសាស្ត្រចតុកោណ» ព្រមទាំង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥» ដែលទើបតែដាក់ចេញនាពេលថ្មីៗនេះ។

លោកបានបន្តថា៖ «ផ្អែកលើសមត្ថភាពនៃនវានវុត្តភាពនិងបទពិសោធន៍នៃការអនុវត្តដ៏ល្អបំផុតឈានមុខគេលើពិភពលោករបស់យើង ក្រុមហ៊ុន ហួវៃ កម្ពុជា នឹងនៅតែបន្តវិនិយោគលើកម្មវិធីទំនួលខុសត្រូវសង្គមរយៈពេលវែងរបស់ខ្លួន ពោលគឺកម្មវិធី “គ្រាប់ពូជដើម្បីអនាគត” ដើម្បីនាំពិភពលោកឌីជីថលជូនដល់ប្រជាជនកម្ពុជា នឹងធ្វើឱ្យយុវជនគ្រប់រូបមានឱកាសចាប់យកនូវបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតជាមួយយើង»

លោកបានបន្ថែមទៀតថា ទេពកោសល្យឌីជីថលគឺជាមូលដ្ឋានគ្រឹះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនិងអនាគតឌីជីថលក្នុងរយៈពេលវែង។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេផ្នែកឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រុមហ៊ុន ហួវៃ បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។ ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៉ី ក្រុមហ៊ុនក៏តែងតែគាំទ្រដល់ការអភិវឌ្ឍកម្លាំងការងារក្នុងស្រុក តាមរយៈការជ្រើសរើសនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុកផងដែរ។

ជាក់ស្តែង ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សាថ្មីប្រមាណ៣០នាក់ ដើម្បីចូលរួមបម្រើការជាមួយក្រុមហ៊ុនហួវៃ ប្រចាំកម្ពុជាជារៀងរាល់ឆ្នាំ ក៏ដូចជានិស្សិតកម្មសិក្សាជាច្រើន ទោះបីជាស្ថិតក្នុងស្ថានភាពនៃកូវីដ១៩ក៏ដោយ។

ពិធីបិទកម្មវិធីនេះត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងពិធីប្រគល់វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ដល់និស្សិតកម្មវិធីគ្រាប់ពូជដើម្បីអនាគតឆ្នាំ ២០២១ ទាំង២០រូប និងការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕