(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្ដរៀបចំកម្មវិធីគុណតម្លៃអូឡាំពិក ឆ្នាំ២០២១ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចំណេះដឹង អំពីចលនាអូឡាំពិកដល់សិស្សានុសិស្ស ពិសេសផ្សាភ្ជាប់ការផ្សព្វផ្សាយយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ កម្មវិធីប្រចាំឆ្នាំនេះ ចាប់ផ្ដើមពីខេត្តកែប ដែលធ្វើឡើង ២ថ្ងៃជាប់គ្នានៅថ្ងៃទី៩-១០ ខែធ្នូនេះនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស។

លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសក្នុងកម្មវិធីនេះបានបញ្ជាក់ថា ប្រធានបទសំខាន់ៗនៃវគ្គនេះ ទី១-ការធ្វើបទបង្ហាញអំពីការអប់រំគុណតម្លៃអូឡាំពិក ការប្រកួតកីឡាអូឡាំពិក និងការអប់រំចលនាអូឡាំពិក។ ទី២-យុទ្ធនាការផ្សព្វផ្សាយការអប់រំសង្គម «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «ជៀសឆ្ងាយពីគ្រឿងញៀន» «យល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍» «កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ» នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ជាមួយគ្នានោះ លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដែលត្រៀមយកខេត្តកែបធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹង ក៏ដូចជាការបំផុសសកម្មភាពកីឡាក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដើម្បីត្រៀមខ្លួនចូលរួមធ្វើជាម្ចាស់ផ្ទះផង និងចូលរួមគាំទ្រលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផង។

បន្ទាប់ពីចូលរួមកម្មវិធីនេះ សិស្សានុសិស្សបានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពជាខ្លាំងដែលបានយល់ដឹងបន្ថែមអំពីគុណតម្លៃអូឡាំពិក និងការអប់រំចលនាអូឡាំពិក ពិសេសបន្ទាប់ពីដឹងថា ខេត្តកែបត្រូវបានកំណត់ជាគោលដៅមួយ សម្រាប់ធ្វើម្ចាស់ផ្ទះការប្រកួតប្រភេទកីឡាទ្រីយ៉ាត្លុង នាឆ្នាំ២០២៣។ ដូច្នេះពួកគេបានប្ដេជ្ញាចិត្តនឹងចូលរួមលេងកីឡា គាំទ្រកីឡា និងបំផុសសកម្មភាពកីឡា ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យទៀតផង៕